សហរដ្ឋអាមេរិកស្វាគមន៍ដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

សហរដ្ឋអាមេរិកស្វាគមន៍ដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

ភ្នំពេញ៖ សហរដ្ឋអាមេរិកបានស្វាគមន៍កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នាទីក្រុងកូឡាឡាំពួរ ថា ជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងការរៀបចំបទឈប់បាញ់ និងការបង្កើតយន្តការក្រុមសង្កេតការណ៍អាស៊ាន។ លោកប្រធានាធិបតី Trump និងខ្ញុំ រំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ នេះបបើយោងតាមសេចក្តីថ្លែងការណ៍របស់លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានបន្តថា យើងនៅតែដឹងគុណចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំរបស់គាត់ និងសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃដំណើរការបទឈប់បាញ់ ដែលជាលទ្ធផលផ្ទាល់នៃឆន្ទៈរបស់គាត់ ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេសថ្ងៃទី២៨ ខែកក្កដា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះនេះ។ យើងទន្ទឹងរង់ចាំការគាំទ្រដល់ប្រទេសម៉ាឡេស៊ី អាស៊ាន និងប្រទេសទាំងពីរ នៅពេលដែលដំណើរការនេះឈានទៅមុខ។

សូមជម្រាប កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ភាគីដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងភាគីថៃ ដឹកនាំឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា។ ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់និងការរៀបចំយន្តការសម្រាប់អនុវត្ត។ ភាគីកម្ពុជា និងភាគីថៃបានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួម៕