តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃទី២៤ ខែសីហា និយាយថា ប្រទេសរបស់លោកនឹងមិនអោនក្បាលសុំចុះចាញ់អាមេរិកជាដាច់ខាត និងបានអំពាវនាវឱ្យមានរណសិរ្សរួបរួមជាតិ ដើម្បីប្រឈមមុខនឹងរដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលចង់ផ្តួលរលំរបបដឹកនាំអ៊ីរ៉ង់។
ការអះអាងបែបនេះរបស់លោក Khamenei កើតឡើងពីរខែចាប់តាំងពីការប្រយុទ្ធគ្នាបានបញ្ឈប់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលជាសង្គ្រាមមានការលូកដៃដោយផ្ទាល់ពីអាមេរិក និងស្របពេលដែលអ៊ីរ៉ង់កំពុងពិភាក្សាជាមួយមហាអំណាចពិភពលោក អំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោក Khamenei បានអះអាងថា ការវាយប្រហារដ៏កម្ររបស់អ៊ីស្រាអែល និងអាមេរិកកាលពីខែមិថុនា ដែលកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរសំខាន់ៗ និងបានជំរុញឱ្យមានការសងសឹករបស់អ៊ីរ៉ង់ គឺជាផែនការរៀបចំឡើងក្នុងគោលបំណងបង្កភាពចលាចល និងបំបែកបំបាកផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់។
មេដឹកនាំអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា អ៊ីស្រាអែល និងអាមេរិកកំពុងស្វែងរកការបំបែកបំបាក់ផ្ទៃក្នុងរបស់អ៊ីរ៉ង់ ប៉ុន្តែទោះបីជាយ៉ាងណា ប្រជាជនអ៊ីរ៉ង់នៅតែរួបរួមគ្នាយ៉ាងរឹងមាំជាមួយកងកម្លាំងប្រដាប់អាវុធ និង រដ្ឋាភិបាល ដើម្បីវាយលុកយ៉ាងខ្លាំងក្លាទៅកាន់សត្រូវវិញ។
សូមរម្លឹកថា ទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនត្រូវបានកាត់ផ្តាច់ បន្ទាប់ពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩។ ចាប់តាំងពីពេលនោះមក អាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរបបដឹកនាំអ៊ីរ៉ង់ ពិសេសពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ៕
ប្រភព ៖ AFP
Leave a Reply