អ៊ីរ៉ង់ប្រកាសត្រៀមខ្លួនរួចរាល់ សម្រាប់សង្គ្រាមផ្សេងទៀតជាមួយអ៊ីស្រាអែល

តេហេរ៉ង់ ៖ ប្រមុខការទូតកំពូលអ៊ីរ៉ង់បានគំរាមធ្ងន់ៗថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចហើយ ក្នុងករណីផ្ទុះសង្គ្រាមផ្សេងទៀតជាមួយអ៊ីស្រាអែល ហើយប្តេជ្ញាថា នឹងធ្វើការឆ្លើយតបកាន់តែខ្លាំងក្លាជាងជម្លោះពីមុន និង អំពាវនាវឱ្យប្រជាជាតិអារ៉ាប់ កាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ដើម្បីគាំទ្រប្រជាជនហ្គាហ្សា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Jerusalem Post។

ថ្លែងក្នុងសម្ភាសន៍ជាមួយកាសែតអារ៉ាប៊ីសាអូឌីត Asharq al-Awsat កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi មិនបានច្រានចោលការប្រឈមមុខដាក់គ្នានាពេលអនាគតជាមួយអ៊ីស្រាអែលទេ ដោយលោកបានបញ្ជាក់ថា អ្វីៗអាចទៅរួច ហើយទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់គ្រប់កាលៈទេសៈទាំងអស់។

លោក Araghchi បានអះអាងថា អ៊ីស្រាអែល-អ៊ីរ៉ង់មិនបានសម្រេចគោលដៅណាមួយឡើយ អំឡុងសង្គ្រាម ១២ថ្ងៃកាលពីខែមិថុនា។ លោកថា អ៊ីរ៉ង់បានបន្តវាយប្រហារដោយមីស៊ីលលើអ៊ីស្រាអែលរហូតដល់វិនាទីចុងក្រោយ ខណៈអ៊ីស្រាអែលគិតថា ពួកគេអាចបញ្ឈប់អ៊ីរ៉ង់ក្នុងពេល ៤៨ម៉ោង។

ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា បន្ទាប់ពីសង្គ្រាម ១២ថ្ងៃ វាគឺជាអ៊ីស្រាអែលដែលបានស្នើសុំបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ហើយចាប់តាំងពីសំណើរបស់ពួកគេបានមកដោយគ្មានលក្ខខណ្ឌ យើងបានទទួលយកវា។ លោក Araghchi បន្ថែមទៀតថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក បើសិនមានការធានាថា នឹងមិនមានការវាយប្រហារប្រឆាំងអ៊ីរ៉ង់ម្តងទៀត៕

ប្រភព ៖ The Jerusalem Pos