លោក ត្រាំ គំរាមថា រុស្ស៊ីនឹងប្រឈមសង្រ្គាមសេដ្ឋកិច្ច បើការចរចាជាមួយអ៊ុយក្រែនជាប់គាំង

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានខ្លាំងៗថា រុស្ស៊ីនឹងប្រឈមមុខនូវសង្រ្គាមសេដ្ឋកិច្ច បើសិនការចរចារបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនជាប់គាំង។

លោកប្រធានាធិបតី Trump បានថ្លែងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរយៈពេលមួយម៉ោងនៅឯសេតវិមានយ៉ាងដូច្នេះថា វាមិនមែនជាសង្គ្រាមលោកទេ ប៉ុន្តែវានឹងក្លាយជាសង្គ្រាមសេដ្ឋកិច្ច។

មេដឹកនាំអាមេរិករូបនេះបន្ថែមថា សង្គ្រាម សេដ្ឋកិច្ចនឹងអាក្រក់ ហើយវានឹងអាក្រក់សម្រាប់រុស្ស៊ី ហើយខ្ញុំមិនចង់ធ្វើវាទេ។ អ្នកដឹងហើយថា លោកប្រធានាធិបតី Zelensky ក៏មិនស្លូតដែរ។

មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ប្រេសិតពិសេសរបស់លោកនឹងជួបជាមួយមន្ត្រីអាមេរិកនៅទីក្រុងញូវយ៉ក ក្នុងថ្ងៃសុក្រស្អែកនេះ ដើម្បីព្យាយមចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។

កិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្រ្គាមបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីរុស្ស៊ី Putin និងលោក Trump នៅរដ្ឋអាឡាស្កា ដែលក្រោយមកត្រូវបានបន្តដោយកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន រវាងលោក Trump និងលោក Zelensky អមដោយសម្ព័ន្ធមិត្តអឺរ៉ុបរបស់គាត់។

លោក Trump និយាយថា លោកចង់រៀបចំឱ្យមានជំនួបទល់មុខគ្នារវាងលោកប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែមានការរីកចម្រើនតិចតួច ដោយទីក្រុងមូស្គូ និងទីក្រុងកៀវ បានបន្ទោសគ្នាទៅវិញទៅមកចំពោះការជាប់គាំងការចរចាបញ្ចប់សង្គ្រាម៕

ប្រភព ៖ AFP