[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់រដូវមូសុងនៅប៉ាគីស្ថានកើនឡើងដល់ ៨៣០នាក់

ក្រុមអាជ្ញាធរប៉ាគីស្ថាន បាននិយាយថា ភ្លៀងរដូវមូសុងដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្សយ៉ាងហោចណាស់៨៣០ នាក់ចាប់តាំងពីថ្ងៃទី២៦ ខែមិថុនា ខណៈទឹកជំនន់ និងបំណាក់ដីនៅតែបន្តរំខានដល់ជីវិតប្រចាំថ្ងៃនៅទូទាំងប្រទេស។

ខេត្ត Punjab ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា ស្ថិតក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ក្រុមមន្ត្រីបានរាយការណ៍ថា ទឹកក្នុងទន្លេចំនួនបី បានជន់លិចភូមិជាង២.៣០០ ដែលជំរុញឱ្យមានការជម្លៀសប្រជាជនចំនួន៤៨១.០០០នាក់ និងសត្វពាហនៈចំនួន ៤០៥.០០០ ក្បាល។

សរុបមក មនុស្សជាង ១,៥ លាននាក់បានរងផលប៉ះពាល់ដោយសារទឹកជំនន់។

លោក Irfan Ali Khan ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាននិយាយថា នេះគឺជាប្រតិបត្តិការជួយសង្គ្រោះដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខេត្ត Punjab ដោយកត់សម្គាល់ថាទូកជាង ៨០០គ្រឿង និងបុគ្គលិកសង្គ្រោះជាង១.៣០០ នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះនានា។

ជំរំសង្គ្រោះជាង៥០០កន្លែង ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជម្រកដល់គ្រួសារ និងសត្វ។

នៅតាមតំបន់ជាយក្រុង Lahore ប្រជាពលរដ្ឋត្រូវបានជម្លៀសដោយសារទឹកហក់ឡើងខ្ពស់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕