បាងកក ៖ មនុស្សស្លាប់ដោយសារការបាក់ដី នៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ បានកើនដល់ ចំនួន៧នាក់ ខណៈ២នាក់ទៀត នៅតែបាត់ខ្លួន គិតត្រឹមថ្ងៃអាទិត្យ ទី៣១ ខែសីហា។
ដំណឹងនេះ ត្រូវបានប្រកាសឲ្យដឹង ស្របពេលដែលអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធបានធ្វើទស្សនកិច្ច នៅស្រុក Mae Chaem ក្នុងខេត្តឈៀងម៉ៃ កាលពីថ្ងៃអាទិត្យ ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយ និង តាមដានស្ថានភាពទឹកជំនន់។
ដំណើរទស្សនកិច្ចនេះ ផ្តោតជាពិសេស ទៅលើភូមិ Ban Pang Ung ដែលត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយព្យុះទីហ្វុង Kajiki បណ្តាលឱ្យមានការបាក់ដី ដែលបានបំផ្លាញផ្ទះសម្បែង។
គួររម្លឹកថា ការបាក់ដី និងទឹកជំនន់ បានវាយលុកភូមិ ចំនួនពីរ នៅក្នុងភូមិ Ban Pang Ung ដែលមានប្រជាពលរដ្ឋប្រហែល ៥០០គ្រួសារ និង ប្រជាពលរដ្ឋប្រហែល ២,០០០នាក់ ដោយបានវាយប្រហារ កាលពីយប់រំលងអធ្រាត ឈានចូលដល់ថ្ងៃទី២៧ ខែសីហា។
ថៃ តែងតែជួបប្រទះនូវភ្លៀងមូសុងប្រចាំឆ្នាំ នៅចន្លោះខែឧសភា និងខែតុលា ប៉ុន្តែ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានគំរូអាកាសធាតុកាន់តែអាក្រក់ខ្លាំង ដែលអាចធ្វើឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញ កាន់តែច្រើន។
ទឹកជំនន់ ថៃ កើតមានឡើង សឹងតែរាល់ឆ្នាំ ក្នុងនោះ កាលពីឆ្នាំ២០២១ ធ្លាប់បានផ្តាច់យកជីវិតមនុស្ស ជាង៥០០នាក់ និង បំផ្លាញផ្ទះសម្បែង អស់រាប់លានខ្នង និងផលដំណាំយ៉ាងតំណំ៕
ប្រភពពី KhaosodEnglish, AFP
Leave a Reply