កាប៊ុល ៖ ចំនួនមនុស្សស្លាប់បាត់បង់ជីវិតកើនឡើងដល់ ២០នាក់ និងជាង ១០០នាក់ទៀតរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីក្នុងកម្រិត ៦.៣ រ៉ិចទ័រវាយប្រហារប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC។
មជ្ឈមណ្ឌលជាតិទទួលបន្ទុកកិច្ចការរញ្ជួយដី ហៅកាត់ (NCS) បាននិយាយថា គ្រោះរញ្ជួយដីនេះ ត្រូវបានគេរាយការណ៍ថា កើតឡើងនៅម៉ោង ១២និង៤៧នាទីថ្ងៃត្រង់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) នៅក្នុងជម្រៅដីប្រហែល ៨គីឡូម៉ែត្រ និង មានចម្ងាយដីប្រហែល ១៦០គីឡូម៉ែត្រ។ ហើយគ្រោះរញ្ជួយកម្រិតធ្ងន់នេះដែរ ក៏បានបង្កការញររញ្ជួយដល់ទីក្រុងរបស់ប្រទេសប៉ាគីស្ថាន និងឥណ្ឌាផងដែរ។
ក្រោយកើតមានគ្រោះរញ្ជួយដំបូង គ្រោះរញ្ជួយដីបន្តបន្ទាប់ទៀតក៏បានកើតឡើងផងដែរ ក្នុងនោះរួមមានកម្រិត ៤.៧, ៤.៣ និង ៥ រ៉ិចទ័រ នៅក្នុងជម្រៅដីខុសៗគ្នាចាប់ពីចន្លោះពី ៤០ គីឡូម៉ែត្រទៅ ១៤០ គីឡូម៉ែត្រ ដែលធ្វើឱ្យប្រជាជនមានការតក់ស្លុតយ៉ាងខ្លាំង។
គួរកត់សម្គាល់ ប្រទេសអាហ្វហ្គានីស្ថានងាយរងគ្រោះដោយរញ្ជួយដីយ៉ាងខ្លាំង ព្រោះវាស្ថិតនៅលើខ្សែបន្ទាត់សំខាន់ៗជាច្រើន ដែលជាកន្លែងប្រសព្វគ្នារវាងបន្ទះតិចតូនិកឥណ្ឌា និងអឺរ៉ាស៊ី។ តួយ៉ាង កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ប្រទេសអាហ្វហ្គានីស្ថានបានរងការវាយប្រហារពីរញ្ជួយដីក្នុងកម្រិត 6.3 រ៉ិចទ័រ។
រដ្ឋាភិបាលតាលីបង់បានអះអាងថា មានអ្នកស្លាប់ជាង ៤.០០០នាក់ ខណៈអង្គការសហប្រជាជាតិបញ្ជាក់ថា មានអ្នកស្លាប់ប្រហែល ១.៥០០នាក់។ ការរញ្ជួយដីនេះ ត្រូវបានគេចាត់ទុកថា ជាគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតមួយសម្រាប់អាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រភព ៖ BBC
Leave a Reply