លោក គីម ជុងអ៊ុន ឆ្លៀតចុះពិនិត្យមីស៊ីលថ្មី មុនពេលធ្វើដំណើរទៅចិន

ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មមីស៊ីលថ្មី និងដំណើរការស្វ័យប្រវត្តិកម្មនៃការផលិតមីស៊ីល។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) បានលើកឡើងនៅក្នុងថ្ងៃចន្ទនេះថា ទំនើបកម្មនៃដំណើរការផលិតមីស៊ីលថ្មី នឹងជួយបង្កើនការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាពមីស៊ីលសំខាន់ៗរបស់កូរ៉េខាងជើង។

ប្រភពបានឱ្យដឹងថា ក្រៅពីផលិតសព្វាវុធទុកប្រើប្រាស់ក្នុងស្រុក កូរ៉េខាងជើងក៏បានបញ្ជូនទាហាន កាំភ្លើងធំ និងមីស៊ីលទៅឱ្យរុស្ស៊ីផងដែរ ដើម្បីគាំទ្រសង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។

លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យម្សិលមិញ បានចុះពិនិត្យទីតាំងខ្សែសង្វាក់ផលិតកម្មមីស៊ីល មុនពេលបន្តដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីចូលរួមពិធីព្យុហយាត្រាយោធាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

គិតមកទល់ពេលនេះ កូរ៉េខាងជើងបានស្ថិតក្រោមសម្ពាធទណ្ឌកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ជុំវិញកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

អ្នកជំនាញ និងមន្ត្រីអន្តរជាតិនិយាយថា ទណ្ឌកម្មទាំងនោះទំនងជាមិនរារាំងគោលដៅរបស់កូរ៉េខាងជើងឡើយ ដោយសារតែមានការគាំទ្រកើនឡើង ក្នុងនោះរួមមានទាំងផ្នែកសេដ្ឋកិច្ច យោធា និងនយោបាយពីសម្ព័ន្ធមិត្តរុស្ស៊ី និងចិន៕

ប្រភព ៖ AFP