ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ បានរាយការណ៍នៅថ្ងៃសុក្រ (៥ កញ្ញា) នេះថា ត្រឹមតែមួយយប់ប៉ុណ្ណោះនៅមុនពេលសភាត្រៀមបោះឆ្នោតរើសនាយករដ្ឋមន្ត្រីទី៣២ របស់ប្រទេសថៃ – ដែលស្ទើរតែប្រាកដថាមេដឹកនាំបក្សភូមិចៃថៃ លោក Anutin Charnvirakul ជាអ្នកទទួលបានតំណែងថ្មី ដោយសារការគាំទ្រពីបក្សប្រជាជនថៃដ៏ធំបំផុតក្នុងសភា – អតីតនាយករដ្ឋមន្ត្រីថៃដ៏ចម្រូងចម្រាសលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានបង្កការភ្ញាក់ផ្អើល ជាមួយនឹងការចាកចេញយ៉ាងទាន់ហន់ពីប្រទេសថៃ ក្រោមហេតុផល “ពិនិត្យសុខភាព” នៅសិង្ហបុរី ប៉ុន្តែបានចុះចតនៅទិសដៅផ្សេងទៅវិញ។
ជំនួសឱ្យការបញ្ចុះបញ្ចូលរកសំឡេងឆ្នោតដើម្បីបង្វែរលទ្ធផលត្រឡប់ទៅបេក្ខជនបក្សភឿថៃ និងជំរុញឱ្យមានការរំលាយសភា លោក ថាក់ស៊ីន បែរជាចាកចេញយ៉ាងស្ងាត់ៗដោយមិនប្រកាសជាមុន។ ការចាកចេញនេះបានក្លាយជាព័ត៌មានសំខាន់នាល្ងាចថ្ងៃទី៤ ខែកញ្ញា នៅពេលនគរបាលអន្តោប្រវេសន៍នៅអាកាសយានដ្ឋានដនមឿង បានឃាត់ខ្លួនលោកជាច្រើនម៉ោងដើម្បីផ្ទៀងផ្ទាត់ឯកសារ មុនពេលអនុញ្ញាតឱ្យចាកចេញបាន។
មនុស្សជាច្រើនជឿថា លោកបានរត់ភៀសខ្លួនទៅនៅបរទេសជាថ្មីម្ដងទៀត មុនពេលសេចក្ដីសម្រេចរបស់តុលាការដ៏សំខាន់ ទាក់ទងនឹង “សំណុំរឿងដេកពេទ្យវីអាយភីជាន់ទី១៤” របស់លោក នៅថ្ងៃទី៩ ខែកញ្ញា ដ៏ឆាប់ខាងមុខនេះ។ ប្រភពស្និទ្ធនឹងលោក ថាក់ស៊ីន បានអះអាងថា លោកធ្វើដំណើរទៅសិង្ហបុរី ដើម្បីពិនិត្យសុខភាពរយៈពេល ២ថ្ងៃ ដោយច្រានចោលពាក្យចចាមអារ៉ាមពីការរត់ចោលស្រុក។ ទោះយ៉ាងនេះក្ដី ប្រព័ន្ធតាមដានជើងហោះហើរសាធារណៈបានបង្ហាញថា លោក ថាក់ស៊ីន មិនបានទៅសិង្ហបុរីទេ ដោយយន្តហោះរបស់លោកហោះលើមហាសមុទ្រឥណ្ឌាភាគខាងកើតនៃទីក្រុង Chennai ដោយឆ្ពោះទៅទីក្រុងឌុយបៃ ជាទីដែលលោកមានវីឡាដ៏ធំមួយនៅទីនោះ អំឡុងពេលនិរទេសខ្លួនជាយូរកាលពីមុន។ ក្រោយមក សញ្ញាតាមដានក៏បាត់ពីប្រព័ន្ធត្រួតពិនិត្យសាធារណៈ។
ទោះបីជាមានការសន្យាថាវិលវិញក៏ដោយ ការចាកចេញភ្លាមៗមុនសេចក្ដីសម្រេចរបស់តុលាការ និងការផ្លាស់ប្តូររដ្ឋាភិបាលថ្មី ជំរុញឱ្យមានការរំពឹងទុកថា លោក ថាក់ស៊ីន កំពុងរត់គេចខ្លួន ទាំងបណ្តោះអាសន្ន ឬរយៈពេលវែង។ ដោយសារប្រវត្តិនិរទេសខ្លួន ១៧ឆ្នាំរបស់លោកពីអ្វីដែលលោកហៅថាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងការដកតំណែងនាពេលថ្មីៗនេះរបស់កូនស្រីលោក គឺអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដោយតុលាការធម្មនុញ្ញ — លោក ថាក់ស៊ីន ប្រហែលជាកំពុងរៀបចំសម្រាប់អវត្តមានជាថ្មីម្ដងទៀតពីនយោបាយថៃ៕
Leave a Reply