កម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ ឆ្នាំ២០២៥ រៀបចំឡើងរយៈពេល ៥ថ្ងៃ នៅកម្ពុជា

(ភ្នំពេញ)៖ កម្ពុជា បានទទួលរៀបចំកម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ ប្រចាំឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។ កម្មវិធីនេះ រៀបចំឡើងដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលដឹកនាំដោយលោកស្រី Holly Hong ដើម្បីស្វែងរកខ្សែភាពយន្តដ៏ល្អឯក ដែលនឹងទទួលពានរង្វាន់ភាពយន្តឆ្នើម (Best Film) ប្រចាំឆ្នាំ ។

លោក Tang Ke អនុប្រធានប៉ុស្តិ៍ភាពយន្តចិន បានសម្តែងភាពរីករាយដែលភាពយន្តចិន ត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តអាស៊ី កម្ពុជា លើកទី៣។ ក្នុងនាមប៉ុស្តិ៍ភាពយន្តចិន លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំកម្មវិធីនេះ។ លោកថា ឥឡូវនេះ វាជាវេទិកាប្រព័ន្ធផ្សព្វផ្សាយពេញលេញសម្រាប់ខ្សែភាពយន្តចិន រួមបញ្ចូលគ្នានូវទូរទស្សន៍ ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយថ្មី ដែលជាវេទិកាដ៏ធំ និងមានឥទ្ធិពលបំផុតរបស់ប្រទេសចិន សម្រាប់ការផ្សព្វផ្សាយវប្បធម៌ភាពយន្ត។ យើងមិនត្រឹមតែបង្ហាញភាពយន្តចិន និងបរទេសនោះទេ ប៉ុន្តែថែមទាំងជួយភាពយន្តចិនទៅកាន់ប្រទេសផ្សេងៗ និងជំរុញការផ្លាស់ប្តូរវប្បធម៌អន្តរជាតិតាមរយៈខ្សែភាពយន្តផងដែរ។

មហោស្រពបានទទួលស្នាដៃភាពយន្តចូលរួមចំនួន ១៥០រឿង ក្នុងនោះ មានភាពយន្តខ្នាតវែង ៦០រឿង និងភាពយន្តខ្នាតខ្លី ៩០រឿង។ ក្នុងចំណោមភាពយន្តខាងលើនេះ កម្ពុជាមានស្នាដៃភាពយន្តខ្នាតវែង ០២រឿង និងភាពយន្តខ្នាតខ្លីចំនួន ១៧រឿង ចូលរួមប្រកួតប្រជែង។

គណៈកម្មការ បានជ្រើសរើសភាពយន្តខ្នាតវែង ១០រឿង និងភាពយន្តខ្នាតខ្លី ៥រឿង ដើម្បីចាក់បញ្ចាំងជូនទស្សនាដោយសេរី នៅរោងភាពយន្ត Fable Cinema ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងចំណោមភាពយន្តទាំងនោះ មានភាពយន្តខ្មែរខ្នាតវែងគឺរឿង «ភ្លើងឆេះក្លឹបក្រោមដី»(ផលិតកម្មអិលឌី ភីកឈរ) និងភាពយន្តឯកសារខ្នាតខ្លីមានចំណងជើង «និយាយឡើងវិញ» ក៏បានជ្រើសរើសក្នុងការចាក់បញ្ចាំងផងដែរ ។

សម្រាប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក៏មានរៀបចំវេទិកាឧស្សាហកម្មភាពយន្ត (Film Forum) ក្រោមប្រធានបទ «ភាពយន្តអាស៊ី កំពុងឈានទៅកាន់កម្រិតថ្មីមួយគួរឱ្យកត់សម្គាល់» និងកម្មវិធីចែកពានរង្វាន់ជូនផលិតករ សិល្បករ សិល្បការិនី អ្នកជំនាញក្នុងវិស័យភាពយន្ត ក្រោមវត្តមានលោជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស, ក្រសួងទេសចរណ៍, ក្រសួងព័ត៌មាន, ក្រសួងបរិស្ថាន, ក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ ព្រមទាំងស្ថានទូតចិនប្រចាំកម្ពុជា, ផលិតករភាពយន្ត អ្នកដឹកនាំរឿង និងអ្នកជំនាញក្នុងឧស្សាហកម្មភាពយន្តសរុបចំនួន ៥០០នាក់ ៕