(ព្រះវិហារ)៖ លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងលោកស្រី សាន់ដ្រា ប៊ឺនក្លាវ (Ms. Sandra Bernklau) តំណាងមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ឃីតសម្រាប់ស្ត្រី ៤៨០ ឃីត ជូនស្ត្រីសម្រាលកូនរួច ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជ នៅក្នុងជំរុំវត្តពោធិ៍៥០០០ ភូមិគូនលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។
លោកជំទាវ មុំ ចន្ធី បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ជាពិសេសបងប្អូនស្ត្រីជាជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងជំរំវត្តពោធិ៍ ៥០០០។
លោកជំទាវ មុំ ចន្ធី សូមឲ្យបងប្អូនទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ឱ្យបានល្អ ដើម្បីជៀសផុតពីជំងឺដង្កាត់នានា ដោយរស់នៅត្រូវមានអនាម័យ ពិសារទឹកដាំពុះ សម្អាតបរិស្ថានជុំវិញកន្លែងស្នាក់នៅ ជាពិសេសស្ត្រីមានផ្ទៃពោះត្រូវពិនិត្យសុខភាពយ៉ាងតិច៤ដង និងជូនពរឱ្យបងប្អូនបានត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ។
លោកស្រី សាន់ដ្រា ប៊ឺនក្លាវ បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជា យុវជននិងអ្នកស្ម័គ្រចិត្ត ដែលបាន លះបង់កម្លាងកាយចិត្តិ ខិតខំរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនបងប្អូនជនភៀសសឹកនៅទីនេះ ហើយមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នផ្សេងទៀតរបស់អង្គការសហប្រជាជាតិ ពួកយើងមានជំនាញថែរក្សាសុខភាពម្តាយនិងកូន គាំទ្រសុខភាពស្ត្រី និងធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីធានាសុខភាពម្តាយនិងកូនមានសុខភាពល្អ ហើយក៏ធ្វើការជាមួយក្រសួងកិច្ចការនារី ផ្តល់ការគាំទ្រដល់ស្ត្រីដែលរងនូវអំពើហិង្សា និងធ្វើការជាមួយក្រសួងអប់រំយុវជននិងកីឡា ដើម្បីឱ្យពួកគាត់រៀបអំពីការថែរក្សារាងកាយរបស់ពួកគាត់ រៀនអំពីផែនការគ្រួសារ និងបញ្ហាសុខភាពសំខាន់ៗ ។
ជាមួយគ្នានេះ លោកជំទាវ មុំ ចន្ធី និងសហការី បានបន្តចុះសួរសុខទុក្ខបងប្អូនជនភៀសសឹកដែលបានត្រឡប់ទៅគេដ្ឋានវិញ និងជូនកញ្ចប់ឃីតសម្រាប់ស្ត្រីចំនួន ២០គ្រួសារ នៅភូមិសង្គមថ្មី និងភូមិអូរខ្សាន្ត ឃុំទឹក្រហម ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ ៕

Leave a Reply