ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយបន្ទាប់ពីប្រតិបត្តិការថា ប្រសិនបើអ៊ីស្រាអែលបរាជ័យក្នុងការសម្លាប់មេដឹកនាំក្រុមហាម៉ាសក្នុងការវាយប្រហារតាមអាកាសលើទឹកដីរបស់កាតា ខ្លួននឹងព្យាយាមនៅពេលក្រោយទៀត ហើយអាចនឹងជោគជ័យ ដែលបង្កើនការព្រួយបារម្ភថានឹងប៉ះពាល់ដល់ខិតខំប្រឹងប្រែងដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ។
លោក Yechiel Leiter បាននិយាយក្នុងសន្ទរកថាមួយនៅឯវិមាន Capitol របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធថា យើងបានកំណត់គោលដៅក្រុមភេរវករ គ្រប់ទីកន្លែងដែលអាចធ្វើទៅបាន យើងនឹងដេញតាមពួកគេ ហើយយើងនឹងបំផ្លាញអ្នកដែលនឹងបំផ្លាញយើង ។
អ៊ីស្រាអែលបានប៉ុនប៉ងសម្លាប់មេដឹកនាំនយោបាយនៃក្រុមហាម៉ាសដោយការវាយប្រហារនៅរដ្ឋធានីដូហារបស់ប្រទេសកាតាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបង្កើនសកម្មភាពយោធារបស់ខ្លួននៅមជ្ឈិមបូព៌ានូវអ្វីដែលអាមេរិកបានហៅថាជាការវាយប្រហារឯកតោភាគី។
ការវាយប្រហារតាមអាកាសបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហាម៉ាសបានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបានសម្លាប់មនុស្សប្រាំមួយនាក់នៅឯចំណតរថយន្តក្រុងមួយនៅជាយក្រុងហ្សេរុយសាឡឹម។
ប្រតិបត្តិការក្រុងដូហាដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំង គឺមានភាពរសើបជាពិសេសដោយសារតែកាតាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះនិងសម្របសម្រួលក្នុងការចរចាបំណងធានាបានបទឈប់បាញ់ក្នុងសង្គ្រាមហ្កាហ្សា។
សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដ៏តានតឹងកាលពីថ្ងៃអង្គារដោយប្រាប់ ថាការសម្រេចចិត្តរបស់លោកNetanyahu ក្នុងការកំណត់គោលដៅលើក្រុមហាម៉ាស នៅកាតា គឺមិនត្រឹមត្រូវទេ៕



Leave a Reply