ក្រសួងសុខាភិបាលនេប៉ាល់បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអាជ្ញាធរនៅក្នុងប្រទេសនេប៉ាល់បានបង្កើនចំនួនអ្នកស្លាប់ពីភាពចលាចលកាលពីសប្តាហ៍មុន ដល់៧២ នាក់ ខណៈក្រុមអ្នកស្វែងរកបានយកសាកសពចេញពីការិយាល័យរដ្ឋាភិបាល លំនៅឋាន និងអគារផ្សេងទៀត ដែលត្រូវបានភ្លើងឆេះក្នុងអំឡុងពេលការតវ៉ាប្រឆាំងអំពើពុករលួយ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋនេប៉ាល់បានបង្ហាញអារម្មណ៍ត្រេកអរ ដែលស្ថានភាពបានស្ងប់ស្ងាត់ឡើងវិញ ហើយជីវិតប្រចាំរបស់ពួកគេបានវិលត្រឡប់មកសភាពធម្មតាវិញ ប៉ុន្មានថ្ងៃក្រោយរដ្ឋធានី Kathmanduត្រូវបានគ្របដណ្ដប់ដោយ ភ្នក់ភ្លើង និងការតវ៉ាដ៏ហិង្សា។
ក្នុងការផ្ទុះឡើងនៃអំពើហិង្សានយោបាយដ៏សាហាវបំផុតនៅនេប៉ាល់ អស់ជាច្រើនទស្សវត្សរ៍មកនេះ ជនជាតិនេប៉ាល់ភាគច្រើនជាមនុស្សវ័យក្មេង បានចេញតវ៉ាតាមផ្លូវក្នុងរដ្ឋធានី និងទីក្រុងផ្សេងទៀតកាលពីដើមសប្តាហ៍មុន ដែលជំរុញឱ្យនាយករដ្ឋមន្ត្រី លោក Sharma Oli លាលែងពីតំណែង។ កងកម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុករ ដែលខ្លះបានដុតបំផ្លាញអគាររដ្ឋ រួមទាំងតុលាការកំពូល សភា ប៉ុស្តិ៍នគរបាល គេហដ្ឋានរបស់ក្រុមអ្នកនយោបាយ និងអាជីវកម្មឯកជន។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Prakash Budathoki បាននិយាយថា សាកសពមនុស្សជាច្រើនដែលបានស្លាប់នៅក្នុងផ្សារទំនើប ផ្ទះ និងអគារផ្សេងទៀតដែលត្រូវបានដុត ឬវាយប្រហារ ឥឡូវនេះត្រូវបានរកឃើញហើយ។
ចំនួនអ្នកស្លាប់កាលពីសប្ដាហ៍មុនត្រូវបានកត់ត្រាដោយក្រសួងនេះ និងធ្វើបច្ចុប្បន្នភាពគិតត្រឹមថ្ងៃសៅរ៍ មានចំនួន៥១នាក់។ ទិន្នន័យចុងក្រោយបំផុតបានបង្ហាញកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ២.១១៣នាក់បានរងរបួស និង ៧២នាក់ បានស្លាប់ នៅក្នុងអំពើហិង្សានោះ៕



Leave a Reply