មន្ត្រីអាមេរិក៖ លោក Trump នឹងជួបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Sharif នៅថ្ងៃព្រហស្បតិ៍នេះ

មន្ត្រីរដ្ឋបាលអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (២៤ កញ្ញា) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅសេតវិមាន ក្នុងថ្ងៃព្រហស្បតិ៍នេះ ដែលជាជំនួបមួយធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

លោក Trump បានស្វាគមន៍ប្រមុខកងទ័ពប៉ាគីស្ថាន លោក Field Marshal Asim Munir នៅដើមឆ្នាំនេះ ដោយនោះជាលើកទីមួយហើយដែលប្រធានាធិបតីអាមេរិក ធ្វើជាម្ចាស់ផ្ទះទទួល ប្រមុខកងទ័ពប៉ាគីស្ថាន នៅសេតវិមាន ដោយមិនបានអមដំណើរដោយមន្ត្រីស៊ីវិលជាន់ខ្ពស់ប៉ាគីស្ថាននោះទេ។

ទំនាក់ទំនងរវាងអាមេរិក និងប៉ាគីស្ថាន ហាក់មានភាពកក់ក្ដៅក្នុងប៉ុន្មានខែថ្មីៗនេះក្រោមការដឹកនាំរបស់លោក Trump បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំដែលទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកឥណ្ឌា — ដែលជាគូប្រជែងរបស់ប៉ាគីស្ថាន — ថាជាអ្នកប្រឆាំងនឹងឥទ្ធិពលដ៏សម្បើមរបស់ចិន ក្នុងតំបន់អាស៊ី។

សហរដ្ឋអាមេរិក និងប៉ាគីស្ថាន បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃទី៣១ ខែកក្កដា ជាមួយនឹងអត្រាពន្ធ ១៩% ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន។ ផ្ទុយទៅវិញ លោក Trump មិនទាន់ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌានៅឡើយទេ៕