អ៊ុយក្រែន-ស៊ីរីស្តារទំនាក់ទំនងឡើងវិញ

អ.ស.ប ៖ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក ហ្ស៊េលែនស្គី បានជួបមេដឹកនាំប្រទេសស៊ីរី ជជែកពីការស្តារទំនាក់ទំនងឡើងវិញ នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ស្ថិតក្នុងទីក្រុងញូវយ៉ក។

លោក Zelensky បានជួប ជាមួយសមភាគីស៊ីរី លោក Ahmed al-Sharaa កាលពីថ្ងៃទី២៤ ខែកញ្ញា។ បើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Kyiv Independent បានឲ្យដឹងថា អ៊ុយក្រែន និងស៊ីរី បានស្តារទំនាក់ទំនងការទូតជាផ្លូវការ ឡើងវិញ នេះបើតាមលោក Zelensky ប្រកាស បន្ទាប់ពីបានជួបលោក Ahmed al-Sharaa។

លោក Zelensky បានសរសេរ នៅលើបណ្តាញសង្គម Telegram ថា «ថ្ងៃនេះ អ៊ុយក្រែន និងស៊ីរីបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការស្តារទំនាក់ទំនងការទូត។ លោកបានបន្ថែមថា លោក និង លោក al-Sharaa បានពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ក៏ដូចជា ការគំរាមកំហែងផ្នែកសន្តិសុខរួមគ្នា។

លោក Zelensky បាននិយាយថា «យើងក៏បានយល់ព្រម ក្នុងការកសាងទំនាក់ទំនងដោយផ្អែកលើការគោរព និងការជឿទុកចិត្តគ្នា ទៅវិញទៅមក» ។

គួរបញ្ជាក់ថា ទីក្រុង Kyiv បានកាត់ផ្តាច់ទំនាក់ទំនង ជាមួយទីក្រុដាម៉ាស់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីរបបលោក Bashar al-Assad នាពេលនោះ បានទទួលស្គាល់តំបន់ ដែលកាន់កាប់ដោយរុស្ស៊ី គឺ តំបន់ Donetsk និង Luhansk ថា ជាតំបន់ ឯករាជ្យ។ តែ ការបន្តទំនាក់ទំនង បានធ្វើឡើង បន្ទាប់ពីការទម្លាក់ លោក Assad ចេញពីតំណែង កាលពីខែធ្នូ ឆ្នាំ២០២៤៕

ប្រភពពី AFP