គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ IPC បោះឆ្នោតដកបម្រាមពីរុស្ស៊ី និងប៊ែលឡារុស

(បរទេស)៖ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ IPC បានបោះឆ្នោតដកបម្រាម ចំពោះអត្តពលិករុស្ស៊ី និងប៊ែលឡារុស។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។

ប្រទេសស្ថិតនៅទ្វីបអឺរ៉ុបទាំងពីរខាងលើនេះ ត្រូវបានរងបម្រាមពី IPC បន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពានប្រទេសក្បែរខាងគ្នាគឺ អ៊ុយក្រែន ចាប់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ មក នៅពេលដែលប៊ែលឡារុស ក៏ជាអ្នកជួយជ្រោមជ្រែងរដ្ឋបាលរបស់លោក ពូទីន ផងដែរ។

ក៏ប៉ុន្តែគ្រប់អត្តពលិកនៃប្រទេសរុស្ស៊ី និងប៊ែលឡារុស អាចចូលរួមប្រកួតប្រជែងមេដាយលើឆាកអន្តរជាតិបានដដែល ដោយស្ថិតក្រោមឆ័ត្រអព្យាក្រឹត្យ បន្ទាប់ពីបម្រាមត្រូវបានដាក់ចេញជាផ្លូវការតែម្តងគិតចាប់តាំងពីឆ្នាំ២០២៣ មក។

ក្រោយពីការបោះឆ្នោតដែលត្រូវបានរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ ក្នុងសមាជប្រចាំឆ្នាំរបស់ IPC គ្រាដែលរុស្ស៊ី និងប៊ែលឡារុស នៅតែជាសមាជិកពេញសិទ្ធិរបស់ IPC ដដែល ដោយទទួលបានការបោះឆ្នោតដកបម្រាមវិញ។

នេះមានន័យថា អត្តពលិកគ្រប់កម្រិតរបស់ពួកគេអាចចូលរួមក្នុងកម្មវិធីអន្តរជាតិនានាបានវិញហើយ ក្រោមទង់ជាតិផ្លូវការរបស់ពួកគេ ពោលគឺនៅ ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងា នៅឯទីក្រុង Milano Cortina ប្រទេសអ៉ីតាលីនាអំឡុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។

ទន្ទឹមគ្នានោះដែរ គណៈកម្មាធិការជនពិការរុស្ស៊ី ក៏បានសាទរចំពោះការបោះឆ្នោតលើកលែងទណ្ឌកម្ម និងបានឱ្យដឹងផងថា «វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ»៕