ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួល​ដល់​ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។

ក្រោយថ្ងៃទី១ ខែតុលា ក្រុមការងារការដ្ឋានស្ថាបនាស្ពាន នឹងបិទចរាចរណ៍ ដើម្បី​បន្ត​ការ​ងារ​បន្ទាប់បន្សំចុងក្រោយដូចជា៖ ការងារស៊ុតកៅស៊ូAC,ការងារគូសគំនូស​ចរាចរណ៍, ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ និងការងារភ្លើងបំភ្លឺស្ពានជាដើម។

នេះបើយោងតាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥

មកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចការសាងសង់ស្ទើរ​១០០%ហើយ ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់សម្រេចវឌ្ឍនភាពជារួម៨៧,២៥%។

គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាង​កើត​ស្ថិត​នៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់​ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់​ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។

ចំណែកផ្លូវតភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមាន​ប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង​ជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិត គុណភាព​ដោយក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់​ផ្លូវ៤ខ្សែ ប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដោយពុះទ្រូងផ្លូវ​នៅចំកណ្តាលធ្វើសួនរុក្ខជាតិបៃតងប្រវែង ៤ម៉ែត្រផងដែរ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *