អាមេរិកថ្លឹងថ្លែងសំណើសុំមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយថា សហរដ្ឋអាមេរិកកំពុងថ្លឹងថ្លែងលើសំណើសុំមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដែលមានសមត្ថភាពវាយប្រហារក្នុងចម្ងាយ ២,៥០០គីឡូម៉ែត្រយកទៅជួយដល់អ៊ុយក្រែនប្រយុទ្ធនឹងកងទ័ពរុស្ស៊ី។

លោក JD Vance បានថ្លែងប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា លោក និងលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើការសម្រេចចិត្តចុងក្រោយលើបញ្ហានេះ។

មីស៊ីល Tomahawk បានបាញ់ក្នុងចម្ងាយប្រហែល ២,៥០០គីឡូម៉ែត្រ និង អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ត្រូវបានគេរំពឹងថា នឹងពង្រឹងខែលការពាររបស់អ៊ុយក្រែនប្រឆាំងនឹងការវាយប្រហារយ៉ាងខ្លាំងក្លារបស់រុស្ស៊ី។

តាមរយៈសំណើនេះមិនមែនមានន័យថា អាមេរិកជាអ្នកជួយអ៊ុយក្រែនដោយផ្ទាល់នោះទេ ប៉ុន្តែលោកប្រធានាធិបតី ហ្សេលេនស្គី បានស្នើឲ្យទីក្រុងវ៉ាស៊ីនតោនលក់មីស៊ីលទាំងនេះទៅឲ្យបណ្តាប្រទេសនៅអឺរ៉ុប ដូច្នេះសម្ព័ន្ធមិត្តទាំងនោះ អាចទិញមីស៊ីលយកទៅផ្គត់ផ្គង់ដល់ទីក្រុងកៀវបាន។

យ៉ាងណាមិញ រុស្ស៊ីធ្លាប់បានព្រមានច្រើនលើកច្រើនសារថា ការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន នឹងមិនផ្លាស់ប្តូរស្ថានភាពនៅសមរភូមិជួរមុខឡើយ ហើយមានតែបង្កហានិភ័យផ្ទុះជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ៕

ប្រភព ៖ RT