ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិបានគូសបញ្ជាក់ថា កម្ពុជាស្នើសុំដោយស្មោះត្រង់នូវការបន្ដគាំទ្រ និងការសម្របសម្រួលរបស់ប្រធានអាស៊ាន និងប្រទេសសមាជិកអាស៊ាន, អគ្គលេខាធិការ និងស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំជុំវិញពិភពលោក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង លើកទឹកចិត្ដដល់ការដោះស្រាយជម្លោះដោយសន្ដិវិធី និងទប់ស្កាត់ការកើតឡើងនូវសោកនាដកម្មបន្ថែមទៀត។ ការស្នើសុំរបស់ឯកឧត្ដមប្រមុខការទូតកម្ពុជាបែបនេះ ក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ “រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្ដិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស” នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានថ្លែងថា កម្ពុជាជាប្រទេសតូច ផ្តោតលើការកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងលើកកម្ពស់សុខុមាលភាព របស់ប្រជាជន។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីអះអងថា៖ «យើងមិនបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ ខណៈពេលដែលយើងតែងតែការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង ការប្រើប្រាស់កម្លាំងគឺជា ជម្រើសចុងក្រោយបំផុត»។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបន្ដថា កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងប្រក្រតីភាព លើកកម្ពស់ការរួមរស់ជាមួយ គ្នាប្រកបដោយសុខដុមរមនា និងទំនាក់ទំនងអ្នកជិតខាងល្អ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។ ជាមួយគ្នានេះ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានបញ្ជាក់ទៀតថា ដើម្បីលើកស្ទួយនូវចក្ខុវិស័យរបស់ស្ថាបនិកអង្គការសហប្រជាជាតិ និងឆ្លើយតបចំពោះស្ថានការណ៍ជាក់ ស្តែងនាពេលបច្ចុប្បន្ន ចាំបាច់ត្រូវតែមានការកែទម្រង់អង្គការដ៏ឧត្តមនេះ។ កម្ពុជាគាំទ្រកំណែទម្រង់ដែលមានលក្ខណៈជាក់ស្តែង និងតាមដំណាក់កាលបន្តបន្ទាប់ សំដៅជួយពង្រឹងប្រសិទ្ធភាព តែមិនធ្វើឱ្យប៉ះពាល់ ដល់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិឡើយ។
ក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងផងដែរថា កម្ពុជាយល់ថាអាទិភាពសំខាន់គឺរួមមាន៖ការពង្រឹងអំណាចនៃយន្តការការទូតដើម្បីបញ្ចៀសជម្លោះ និងសម្រុះសម្រួល ដោយផ្តល់ឧបករណ៍ បន្ថែមដល់អង្គការសហប្រជាជាតិ(អ.ស.ប.) សម្រាប់ដោះស្រាយវិបត្តិឱ្យបានមុនពេលផ្ទុះឡើង។ ការពង្រឹងមហាសន្និបាត អ.ស.ប. ដែលជាស្ថាប័នមានលក្ខណៈតំណាងបំផុត ដោយត្រូវធ្វើយ៉ាងណាឱ្យសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត មានសមត្ថភាពខ្លាំងជាងមុនក្នុងការត្រួតពិនិត្យ តាមដានលើការអនុវត្ត និងមានទម្ងន់ផ្នែកសីលធម៌ខ្លាំងជាមុន។ ទន្ទឹមនេះ ការបង្កើនចំនួនអាសនៈសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែប្រសើរជាងមុននូវស្ថានភាពពិភពលោកពហុប៉ូលនាពេលបច្ចុប្បន្ននេះ និងដើម្បីពង្រឹងនីត្យានុកូល ភាពនៃក្រុមប្រឹក្សាសន្តិសុខ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានចាត់ទុកការពង្រឹងបេសកកម្មថែររក្សាសន្តិភាព និងបេសកកម្មឃ្លាំមើលតាមបន្ទាត់ព្រំដែន ជាពិសេសនៅតំបន់ ជម្លោះ ដើម្បីឱ្យរដ្ឋតូចៗទទួលបាននូវសិទ្ធិស្មើគ្នាក្នុងយន្តការសម្រុះសម្រួល និងការការពារ។ លើសពីនេះទៀត វិធានការបំពេញបន្ថែមមួយចំនួនទៀត ដូចជា ការផ្តល់មូលនិធិ, បច្ចេកវិទ្យា និងការកែសម្រួលផ្នែក ច្បាប់ជាជំហានៗ នឹងអាចប្រែក្លាយគោលការណ៍កំណែទម្រង់ដ៏ធំទៅជាវឌ្ឍនភាពជាក់ស្តែង។
បើតាមឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន សម្រាប់ប្រទេសដូចជាកម្ពុជា អំណាចដ៏ធំបំផុតរបស់អង្គការសហប្រជាជាតិ មិនមែនជាអំណាច បង្ខិតបង្ខំទេ ប៉ុន្តែជាអំណាចខាងសីលធម៌ ភាពស្របច្បាប់ និងអំណាចកោះប្រជុំ ដែលនឹងអាចជួយការពារប្រទេសតូចៗ និងរក្សាសន្តិភាពបាន។ ជាមួយគ្នានេះ ដើម្បីអបអរសាទរខួបលើកទី៨០ នៃអង្គការសហប្រជាជាតិ យើងទាំងអស់គ្នាត្រូវគោរពចក្ខុវិស័យរបស់ស្ថាបនិកអង្គការអន្តរជាតិនេះ ដោយជ្រើសយកកិច្ចសហប្រតិបត្តិការជំនួសការប្រឈមមុខគ្នា ការសន្ទនាជំនួសការបែកបាក់ និងក្តីសង្ឃឹមជំនួសភាពអស់សង្ឃឹម។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា៖ «កម្ពុជាត្រៀមខ្លួនក្នុងការសម្រេច “ភាពប្រសើរឡើងជាមួយគ្នា” ដោយសហការជាមួយរដ្ឋសមាជិក ទាំងអស់, ប្រព័ន្ធអង្គការសហប្រជាជាតិ និងដៃគូរបស់យើងនៅទូទាំងពិភពលោក ដើម្បីធានាថាក្នុងអនាគត រាប់ទសវត្សរ៍ទៅមុខទៀតនឹងពោរពេញទៅដោយសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសេចក្តីថ្លៃថ្នូរ ដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប»៕ ដោយ៖ រិទ្ធី

Leave a Reply