កាសែតក្នុងស្រុក Nhan Dan របស់វៀតណាម បានរាយការណ៍នៅថ្ងៃចន្ទ (២៩ កញ្ញា) នេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Bualoi នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ១១នាក់ហើយ ដោយមនុស្សប្រមាណ ១៣នាក់ នៅតែបាត់ខ្លួន និងជាង ៣០នាក់ ផ្សេងទៀតបានរងរបួស។
សេចក្ដីរាយការណ៍បានបន្ថែមថា ព្យុះទីហ្វុងនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ផ្ទះសម្បែង នាវានេសាទ ខណៈដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទូទាំងភាគខាងជើង និងកណ្តាលប្រទេសវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅថ្ងៃចន្ទដដែលនេះ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារជនរងគ្រោះ និងជំរុញអាជ្ញាធរឱ្យដោះស្រាយយ៉ាងឆាប់រហ័សនូវផលវិបាកនៃខ្យល់ព្យុះ និងទឹកជំនន់បន្ទាប់ពីនោះ។
ក្រសួងបរិស្ថានវៀតណាមនិយាយថា មនុស្សជាង ៥៣.០០០នាក់ ត្រូវបានជម្លៀសទៅកាន់សាលារៀន និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ដែលក្លាយទៅជាជម្រកបណ្តោះអាសន្ន មុនពេលព្យុះ Bualoi វាយប្រហារដល់ដីគោកនៅភាគខាងជើងប្រទេស ហើយមនុស្សជាច្រើនត្រូវជម្លៀសជាបន្តបន្ទាប់ទៀត។ ផ្នែកខ្លះនៃខេត្ត Nghe An និងខេត្ត Ha Tinh ភាគកណ្តាល បានដាច់អគ្គិសនីយ៉ាងទូលំទូលាយ ហើយសាលារៀនជាច្រើនត្រូវបិទទ្វារក្នុងតំបន់ដែលរងផលប៉ះពាល់៕




Leave a Reply