មន្ត្រីសេតវិមានបាននិយាយថា រដ្ឋបាលរបស់លោក Trump នឹងចាប់ផ្តើមកាត់រំសាយបុគ្គលិកសហព័ន្ធយ៉ាងច្រើន ប្រសិនបើលោកប្រធានាធិបតី Donald Trump កំណត់ថាការចរចាជាមួយគណបក្សប្រជាធិបតេយ្យក្នុងសភាដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលដោយផ្នែក «ត្រូវជាប់គាំង» ។
ខណៈការបិទរដ្ឋាភិបាលបានឈានចូលដល់ថ្ងៃទីប្រាំរបស់ខ្លួន នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិសេតវិមាន លោក Kevin Hassett បានប្រាប់សារព័ត៌មាន CNN ថា រដ្ឋបាលនៅតែសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចៀសការកាត់រំសាយបុគ្គលិកដែលត្រូវបានគំរាមកំហែងដោយនាយកទទួលបន្ទុកផ្នែកថវិកា លោក Russell Vought ។
លោក Hassett និយាយថា «លោកប្រធានាធិបតី Trump និងលោក Russ Vought កំពុងត្រៀមខ្លួនដើម្បីមានចំណាត់ការ ហើយ«ប្រសិនបើលោកប្រធានាធិបតីសម្រេចថា ការចរចានៅតែជាប់គាំង នោះនឹងចាប់ផ្តើមមានការកាត់រំសាយបុគ្គលិកទ្រង់ទ្រាយធំ»។ លោក Trump បានពណ៌នាអំពីការកាត់ការងារយ៉ាងច្រើននេះថាជា «ការកាត់រំសាយការងាររបស់គណបក្សប្រជាធិបតេយ្យ» ដោយប្រាប់អ្នកសារព័ត៌មានថា «នរណាម្នាក់ដែលត្រូវបានបញ្ឈប់ នោះដោយសារតែគណបក្សប្រជាធិបតេយ្យ»។
ពុំមានសញ្ញានៃវឌ្ឍនភាពដែលអាចមើលឃើញនោះទេ ចាប់តាំងពី លោក Trump បានជួបជាមួយមេដឹកនាំសភាកាលពីសប្តាហ៍មុន។ ការបិទរដ្ឋាភិបាលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលា ជាថ្ងៃដំបូងនៃឆ្នាំសារពើពន្ធឆ្នាំ២០២៦ បន្ទាប់ពីសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ បានច្រានចោលសេចក្តីស្នើច្បាប់ផ្តល់មូលនិធិរយៈពេលខ្លី ដែលនឹងរក្សាទីភ្នាក់ងារនានាឲ្យនៅបើកដំណើរការរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា។

Leave a Reply