[UPDATE] នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu បានលាលែង ក្រោយកាន់តំណែងមិនដល់ ១ខែ

នាយករដ្ឋមន្រ្តីថ្មីរបស់បារាំង លោក Sebastien Lecornu បានលាលែងពីតំណែងនៅថ្ងៃចន្ទ (ទី៦ ខែតុលា) ពោលគឺត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីបានតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ដោយសារទាំងសម្ព័ន្ធមិត្ត និងគូប្រជែង បានគំរាមកំហែងផ្តួលរំលំរដ្ឋាភិបាលរបស់លោក។

វិមាន Elysée បានធ្វើសេចក្តីប្រកាស ក្រោយលោក Lecornu បានជួបលោកប្រធានាធិបតី Emmanuel Macron រយៈពេល ១ម៉ោង នាព្រឹកថ្ងៃចន្ទ។ ការសម្រេចដ៏គួរឲ្យភ្ញាក់ផ្អើលនេះកើតមានឡើងត្រឹមតែ ២៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Lecornu ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ក្រោយការដួលរលំនៃរដ្ឋាភិបាលមុនរបស់លោក François Bayrou។ ភាគហ៊ុនបារាំង ក៏ដូចជាប្រាក់អឺរ៉ូ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារព័ត៌មាននៃការលាលែងនេះ។

បន្ទាប់ពីមានការពិគ្រោះយោបល់ជាច្រើនសប្តាហ៍ជាមួយគណបក្សនយោបាយទូទាំងក្រុមប្រឹក្សា លោក Lecornu ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Macron កាលពីថ្ងៃអាទិត្យបានតែងតាំងរដ្ឋមន្ត្រីរបស់លោក ហើយគណៈរដ្ឋមន្ត្រីនេះត្រូវបានកំណត់បើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន នៅរសៀលថ្ងៃចន្ទនេះ។

ប៉ុន្តែជួរគណៈរដ្ឋមន្ត្រីថ្មីនេះ បានធ្វើឲ្យទាំងគូប្រជែង និងសម្ព័ន្ធមិត្តខឹងសម្បាដូចគ្នា ដែលបានយល់ថា មាននិន្នាការស្តាំនិយមពេក ឬមិនគ្រប់គ្រាន់ ដោយបាននាំឲ្យមានភាពមិនច្បាស់លាស់ខ្លាំងឡើងៗ ជុំវិញថា តើក្រុមនេះអាចបន្តដំណើរការបានរយៈពេលយូរប៉ុនណាទៅ នៅពេលដែលប្រទេសបារាំងកំពុងជាប់គាំងក្នុងវិបត្តិនយោបាយរួចហើយនោះ ក្នុងពេលដែលគ្មានក្រុមណាមួយគ្រប់គ្រងសំឡេងភាគច្រើន នៅក្នុងសភាដែលមានភាពបែកបាក់។ លោក Lecornu បានប្រគល់លិខិតលាលែងរបស់លោក ទៅលោក Macron នៅព្រឹកថ្ងៃចន្ទនេះ។

នយោបាយបារាំងកាន់តែមិនមានស្ថិរភាពខ្លាំងឡើងៗ ចាប់តាំងពីការជាប់ឆ្នោតឡើងវិញរបស់លោក Macron ក្នុងឆ្នាំ២០២២ ដោយសារតែគ្មានគណបក្សណាមួយ ឬក្រុមណាមួយទទួលបានសំឡេងភាគច្រើន នៅក្នុងសភា។

ការសម្រេចរបស់លោក Macron ក្នុងការប្រកាសការបោះឆ្នោតសភាមុនអាណត្តិ កាលពីឆ្នាំមុន បានធ្វើឲ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរ ដោយបង្កើតបាននូវសភាដែលបែកបាក់កាន់តែខ្លាំងឡើងៗ។ លោក Lecornu ដែលទើបតែត្រូវបានតែងតាំងកាលពីខែមុន គឺជានាយករដ្ឋមន្ត្រីទី៥ របស់លោក Macron ក្នុងរយៈពេល ២ឆ្នាំ៕