ផ្ទួនៗគ្នា កម្ពុជាស្វាគមន៍នាវាកងទ័ពជើងទឹកចិន និងអូស្រ្តាលី ក្នុងថ្ងៃតែមួយ

(ភ្នំពេញ)៖ក្នុងព្រឹកតែមួយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ​កម្ពុជាបានទទួលស្វាគមន៍ការចូលសំចត និង​ទស្សនកិច្ចនូវក្រុមនាវិក​នៃនាវាចំនួនបីគ្រឿងនៃប្រទេសចិននិងអូស្រ្តាលីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួង​ការពារជាតិបានបញ្ជាក់ថា ព្រឹកថ្ងៃសុក្រទី១០ ខែតុលា នាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿង បានចូលចតនៅដែនសមុទ្រ​កម្ពុជា។នាវាកងទ័ពជើងទឹកចិនទាំង ពីរគ្រឿងនេះ មានឈ្មោះ PLAN 83 និងPLAN 988 បានចូលសំចតនៅកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ចាប់ពីថ្ងៃ​ទី១០ ដល់ថ្ងៃទី១៤ ខែតុលាក្នុង​គោលបំណងដើម្បីរឹតចំណងសាមគ្គីភាពជាមួយកងទ័ពកម្ពុជាឱ្យកាន់តែល្អប្រសើរ​បន្ថែមទៀត។

ដោយឡែកនៅព្រឹកថ្ងៃទី១០ ខែតុលានេះដែរលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋាន​សមុទ្ររាម និងនាយនាវីជា​ច្រើនរូបអញ្ជើញទៅ​ទទួលស្វាគមន៍នាវាកងទ័ពជើងទឹករបស់​អូស្ត្រាលីចំនួនមួយគ្រឿង ឈ្មោះ HMAS Ballarat -FFH155 (Anzac Class FFH) ដឹកនាំដោយវរនាវីទោ Dean Uren មេបញ្ជាការនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវានេះអញ្ជើញមកដល់ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យ​កាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-អូស្ត្រាលី)។

សូមជម្រាបថា នាវាឈ្មោះ HMAS Ballarat -FFH155 (Anzac Class FFH)ដឹកនាំដោយមេបញ្ជានាវា លោកវរនាវីទោ Dean Uren។នាវាមានទម្ងន់ផ្ទុក ៣៩០០ តោន ,បណ្ដោយ ១១៨ ម៉ែត្រ ,ទទឹង ១៤.៨ ម៉ែត្រ និងជម្រៅទឹក ៦.៤ ម៉ែត្រ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *