ភ្នំភ្លើង Laki-laki របស់ឥណ្ឌូនេស៊ី ផ្ទុះទៀតហើយ ដោយព្រួសសំណុំផេះ ១០គីឡូម៉ែត្រ ឡើងលើមេឃ

ទីភ្នាក់ងារភ្នំភ្លើងរបស់ឥណ្ឌូនេស៊ី បាននិយាយថា ភ្នំភ្លើង Lewotobi Laki-laki បានផ្ទុះឡើងជាថ្មីម្ដងទៀតនៅថ្ងៃពុធ (១៥ តុលា) នេះ ដោយបានបញ្ចេញសំណុំផេះភ្នំភ្លើងយ៉ាងក្រាស់ឃ្មឹកកម្ពស់ដល់ទៅ ១០គីឡូម៉ែត្រ ទៅលើផ្ទៃមេឃ ដោយបង្ខំឱ្យអាជ្ញាធរបង្កើនប្រព័ន្ធប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត។

ទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេសនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្នំភ្លើងដែលស្ថិតនៅក្នុងខេត្ត East Nusa Tenggara ចុងភាគខាងត្បូង បានផ្ទុះឡើងក្នុងថ្ងៃពុធ វេលាម៉ោងក្នុងស្រុក ១:៣៥នាទីយប់ អស់ពេលប្រហែល ៩នាទី បន្ទាប់ពីបន្ទុះកាលពី ២ម៉ោងមុននោះ ដោយមានសំណុំផេះ ៩គីឡូម៉ែត្រឡើងលើមេឃ។

ប្រមុខទីភ្នាក់ងារភូគព្ភសាស្ត្រ លោក Muhammad Wafid បាននិយាយថា កាលពីល្ងាចថ្ងៃអង្គារ ទីភ្នាក់ងារនេះបានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនដល់ចំណុចខ្ពស់បំផុត បន្ទាប់ពីបានកត់ត្រា “សកម្មភាពកម្រើកដ៏គួរឱ្យកត់សម្គាល់នៃភ្នំភ្លើង” ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក។

មន្ត្រីម្នាក់នៅទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់បានឱ្យដឹងថា មនុស្សរាប់សិបនាក់ដែលរស់នៅក្នុងភូមិជិតភ្នំភ្លើងបំផុត ត្រូវបានជម្លៀសចេញ បន្ទាប់ពីការផ្ទុះនេះ។ ភ្នំភ្លើង Laki-laki នេះបានផ្ទុះចុងក្រោយបំផុតនៅក្នុងខែសីហា និងខែកក្កដា ដែលបង្កការរំខានដល់ការហោះហើរទៅកាន់ និងមកពីកោះរមណីយដ្ឋានបាលី ដែលនៅក្បែរនោះ៕