ព្យុងយ៉ាង ៖ នៅថ្ងៃទី២២ ខែតុលានេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ជាបាញ់លើកដំបូង មិនធ្លាប់មាន ក្នុងរយៈពេលប៉ុន្មានខែ ហើយធ្វើឡើង នៅមុនប៉ុន្មានថ្ងៃ ដែលលោក ត្រាំ គ្រោងមានវត្តមាន នៅកូរ៉េខាងត្បូង។
ជាការបាញ់ នៅត្រឹមតែមួយសប្តាហ៍ មុនពេលមេដឹកនាំពិភពលោក រួមទាំង ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំកំពូលមួយ។
អគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល បាននិយាយថា ខ្លួនបាន “រកឃើញកាំជ្រួចជាច្រើនគ្រាប់ ដែលជឿថា ជាមីស៊ីលផ្លោង រយៈចម្ងាយខ្លី”។
យោធាបានបន្ថែមថា កាំជ្រួចត្រូវបានបាញ់ចេញពីតំបន់ Junghwa ក្នុងខេត្ត North Hwanghae។
ការបាញ់បង្ហោះនេះ គឺជាលើកដំបូង ចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae-myung ចូលកាន់តំណែង កាលពីខែមិថុនា។
ប្រទេសកូរ៉េខាងជើង ក្នុងខែនេះ បានបង្ហាញនូវអ្វីដែលខ្លួនហៅថា កាំជ្រួចអន្តរទ្វីប “ដ៏មានឥទ្ធិពលបំផុត” របស់ខ្លួន នៅឯព្យុហយាត្រាយោធា។
កាលពីខែកញ្ញា លោក Kim បានត្រួតពិនិត្យការសាកល្បងម៉ាស៊ីនឥន្ធនៈរឹង ដែលប្រើសម្រាប់មីស៊ីលនុយក្លេអ៊ែរ រយៈចម្ងាយឆ្ងាយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា វាគឺជាការធ្វើតេស្ត លើកទីប្រាំបួន និងចុងក្រោយនៃម៉ាស៊ីន ដែលបង្ហាញថា ការបាញ់សាកល្បងពេញលេញនៃ ICBM ថ្មី អាចត្រូវបានធ្វើឡើង នៅក្នុងប៉ុន្មានខែ ខាងមុខនេះ។ យ៉ាងណា លោក ត្រាំ ថ្មីៗនេះ ហាក់បង្ហាញពីការចង់ជួបលោក គីម ជាថ្មី៕
ប្រភពពី AFP

Leave a Reply