មនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួនចេញពីក្រុងភាគខាងលិចកាណាដា ខណៈចំហេះព្រៃរាលដាល

ចំហេះព្រៃដ៏ខ្លាំងក្លាដែលមិនអាចគ្រប់គ្រងបាន បានបង្ខំមនុស្សប្រហែល ២៥.០០០នាក់ ឱ្យជម្លៀសចេញពីទីក្រុងទេសចរណ៍ដ៏ស្រស់ស្អាត ចាស្ពើ (Jasper) និងផ្នែកជុំវិញនោះនៅក្នុងតំបន់ភ្នំ រ៉កគី (Rocky) របស់ប្រទេសកាណាដា កាលពីព្រឹកថ្ងៃអង្គារ (២៣ កក្កដា) ខណៈចំហេះព្រៃបានរាលដាលពាសពេញខេត្តភាគខាងលិច អាល់ប៊ឺតតា (Alberta) និងខេត្ត ប្រ៊ីធធីស កូឡំប៊ី (British Columbia)។

ឧទ្យានជាតិ ចាស្ពើ ដែលទាក់ទាញភ្ញៀវទេសចរជាងពីរលាននាក់ជារៀងរាល់ឆ្នាំ ត្រូវបានជម្លៀសចេញពេញមួយយប់ និងព្រឹកថ្ងៃអង្គារ រួមជាមួយទីក្រុងនេះ។ ក្រុមមន្ត្រីបាននិយាយថា មានអ្នកទេសចររហូតដល់ ១៥.០០០នាក់នៅក្នុងឧទ្យាននៅពេលនោះ។

មានចំហេះព្រៃចំនួន ១៧០កន្លែងកំពុងឆាបឆេះនៅខេត្ត អាល់ប៊ឺតតា និងចំហេះ ៣៧៥កន្លែងទៀតនៅខេត្ត ប្រ៊ីធធីស កូឡំប៊ី ដែលនៅជិតខាង។ ចំហេះប្រហែល ២៧៥ទីតាំងត្រូវបានចាត់ថ្នាក់ថាមិនអាចគ្រប់គ្រងបាន ហើយក្រុមមន្ត្រីព្រមានថាស្ថានភាពអាចនឹងកាន់តែអាក្រក់ទៅៗ។ បញ្ជាជម្លៀសនេះត្រូវបានដាក់ចេញកាលពីល្ងាចថ្ងៃចន្ទ ហើយប្រជាជនត្រូវបានគេប្រាប់ឱ្យធ្វើដំណើរឆ្ពោះទៅភាគខាងលិចចូលទៅក្នុងខេត្ត ប្រ៊ីធធីស កូឡំប៊ី ដោយសារតែចំហេះកំពុងគំរាមកំហែងដល់ផ្លូវភាគខាងត្បូងឆ្ពោះទៅទីក្រុង កាល់ហ្ការី (Calgary) ខេត្ត អាល់ប៊ឺតតា។

លោកស្រី គ្រីស្ទី ថាក់គឺ (Christie Tucker) អ្នកគ្រប់គ្រងព័ត៌មានចំហេះព្រៃនៅខេត្ត អាល់ប៊ឺតតា បាននិយាយថា អ្នកពន្លត់អគ្គិភ័យនៅទូទាំងខេត្តកំពុងរៀបចំសម្រាប់លក្ខខណ្ឌដ៏លំបាកកាលពីថ្ងៃអង្គារ ខណៈអាកាសធាតុត្រជាក់ខ្លាំងផ្លាស់ទីពីខាងលិច ហើយខ្យល់កំពុងបក់បោកប្ដូរទិសដៅ៕