[UPDATE] ទីភ្នាក់ងារគ្រោះមហន្តរាយ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅវៀតណាម ឡើងដល់ ៣៥នាក់

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃអាទិត្យ (ទី២ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបំផុត និងការជន់លិច នៅភាគកណ្តាលនៃប្រទេសវៀតណាម ក្នុងសប្តាហ៍នេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៥នាក់បាត់បង់ជីវិត ខណៈ ៥នាក់ទៀតយ៉ាងតិច កំពុងបាត់ខ្លួននៅក្នុងទឹកជំនន់។

គួរបញ្ជាក់ថា ភ្លៀងបានបន្តធ្លាក់យ៉ាងជោកជាំនៅតាមបណ្ដាខេត្តជាប់មាត់សមុទ្ររបស់វៀតណាម ចាប់តាំងពីចុងសប្តាហ៍មុន ដោយបង្កឲ្យមានកម្រិតទឹកជាកំណត់ត្រាជាមួយនឹងកម្ពស់រហូតដល់ ១,៧ម៉ែត្រ ក្នុងរយៈពេលត្រឹម ២៤ម៉ោង ដែលបន្តដល់ថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្ដាហ៍កន្លងទៅ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម (VDDMA) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា អ្នកស្លាប់ចំនួន ៣៥នាក់ មាននៅក្នុងខេត្ត Hue, Da Nang, Lam Dong និង Quang Tri។

ទីក្រុងបុរាណ Hoi An ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ត្រូវបានជន់លិចជម្រៅត្រឹមចង្កេះ ដោយមានអ្នកស្រុកធ្វើដំណើរក្នុងទីក្រុងតាមទូកឈើ បន្ទាប់ពីទឹកទន្លេក្នុងស្រុកដ៏ធំមួយ បានឡើងហៀរពោរពាសកម្រិតខ្ពស់ជាលើកដំបូង ក្នុងរយៈពេល ៦០ឆ្នាំ។

VDDMA ឲ្យដឹងបន្ថែមថា ផ្ទះសម្បែងជាង ១៦.៥០០ខ្នង ត្រូវបានជន់លិច នាពេលនេះ ខណៈដែលសត្វចិញ្ចឹមជាង ៤០.០០០ក្បាល ត្រូវបានទឹកជំនន់ហូរនាំទៅ ហើយផ្ទៃដីដំណាំជាង ៥.៣០០ហិកតា បានលិចក្នុងទឹក។

នៅមុននេះ ក្រសួងបរិស្ថានរបស់ប្រទេសវៀតណាម បានបញ្ជាក់ថា ផ្ទះសម្បែងសរុបជាង ១០០.០០០ខ្នង ត្រូវបានជន់លិច ហើយមានការរាយការណ៍ពីបំណាក់ដីច្រើនជាង ១៥០កន្លែង៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *