ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជួបពិភាក្សាជាមួយឯកឧត្តម ស៊ុន ចាន់ថុល លើការងារវិនិយោគ និងការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធ ដើម្បីពង្រឹងមិត្តភាពកម្ពុជា-ចិន

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជួបពិភាក្សាជាមួយ
ឯកឧត្តម ស៊ុន ចាន់ថុលលើការងារវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រឹងមិត្តភាពកម្ពុជា-ចិន
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ជំនួបនារសៀលនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែមានភាពរឹងមាំល្អប្រសើរ ប្រកបដោយផ្លែផ្កា ព្រមទាំងពិភាក្សាផ្លាស់ប្តូរយោបល់ អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើការងារទាក់ទាញការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា នៅកម្ពុជា ឱ្យកាន់មានភាពរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនៃជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលទើបទទួលបានការតែងតាំងឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន ស្របតាមយុគសម័យថ្មី នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ៕