(ភ្នំពេញ)៖ ក្រសួងបរិស្ថាន តាមរយៈក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយ មន្ទីរបរិស្ថានខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញ រោងចក្រកាត់ដេរ Perfect Vision Fashion (Cambodia) Co., Ltd ស្ថិននៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានដុតកម្ទេចក្រណាត់ និងប្រេងម៉ាស៊ូត លាយជាមួយអុស ក្នុងឡ ដោយបានបញ្ចេញផ្សែងខ្មៅនិងក្លិនឈ្ងៀម ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ករណីនេះ គឺល្មើសនឹងមាត្រា ១៦១ និងមាត្រា ៦៩៤ នៃក្រមបរិស្ថាន និង ធនធានធម្មជាតិ ។ លើសពីនេះ រោងចក្រពុំបានរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ក្នុងរយៈពេល ៦ខែម្តង ដូចមានចែងក្នុងកិច្ចសន្យាការពារបរិស្ថាន គឺល្មើសនឹងមាត្រា ៦៩៤ នៃក្រមបរិស្ថាន និង ធនធានធម្មជាតិ។
ក្រសួងបរិស្ថានបានដាក់ចេញវិធានការអនុវត្តចំពោះក្រុមហ៊ុននេះ តម្រូវឲ្យបញ្ឈប់ជាបន្ទាន់ នូវការយក កម្ទេចក្រណាត់ ទៅដុតក្នុងឡ និងតម្រូវឲ្យរៀបចំតបំពង់ផ្សែងឡ ឲ្យបានខ្ពស់ផុតឡើងលើថែមទៀត ដើម្បីកុំឱ្យផ្សែងហុយធ្លាក់ទៅលើលំនៅឋានប្រជាពលរដ្ឋទៀត។ លើសពីនេះក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន រៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ទៅតាមការកំណត់។ ក្រុមហ៊ុនត្រូវរងពិន័យអន្តរការណ៍ អនុលោមតាមមាត្រា ៨២៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ។
ក្រសួងបរិស្ថានសូមថ្លែងអំណរគុណដល់បណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុន ទាំងឡាយណា ដែលបានគោរពច្បាប់បរិស្ថានត្រឹមត្រូវ និងសូមអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានរាយការណ៍ពីករណីបំពុលបរិស្ថាននៅកម្ពុជា។
ក្រសួងបរិស្ថានសូមធ្វើការអំពាវនាវឱ្យមានការចូលរួមសាមគ្គីគ្នាបន្តទៀត ដើម្បីទប់ស្កាត់ការបំពុលដី បំពុលទឹក និងលើមេឃ ដើម្បីកម្ពុជា មានភាពស្អាត ប្រជាពលរដ្ឋ និង បរិស្ថានមានសុខភាពល្អ និងកម្ពុជា មានភាពស្អាតលើឆាកអន្តរជាតិ ដែលទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើនថែមទៀត ៕

Leave a Reply