កុងហ្គោ និងក្រុមឧទ្ទាម M23ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោល ដើម្បីបញ្ចប់សង្រ្គាម

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រុមឧទ្ទាម M23 បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោលសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដែលមានបំណងបញ្ចប់ការប្រយុទ្ធគ្នានៅភាគខាងកើតកុងហ្គោ ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ ដោយក្រុមអ្នកតំណាងមកពីភាគីទាំង ២ នៅក្នុងពិធីមួយរៀបចំឡើងនៅប្រទេសកាតា ។

ទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trumប្រចាំនៅអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាលោក Massad Boulos បានព្រមានថា ការអត់ធ្មត់ត្រូវការជាចាំបាច់ ។

លោកនិយាយថា ពួកយើងត្រូវតែអនុញ្ញាតឲ្យមានពេលវេលា ពួកយើងត្រូវតែផ្តល់ឱកាសសម្រាប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើការឆ្លងកាត់យន្តការទាំងអស់នេះ ។

គួរឲ្យដឹងថា ក្រុមឧទ្ទាម M23 ដណ្តើមបានកាន់កាប់ទីក្រុង Goma ដែលជាទីក្រុងធំបំផុតស្ថិតនៅភាគខាងកើតកុងហ្គោ កាលពីខែមករាកន្លងទៅ នៅក្នុងការប្រយុទ្ធគ្នាមួយត្រូវបានគាំទ្រដោយប្រទេសរ៉្វាន់ដា ។ ពួកគេបន្តគ្រប់គ្រងតំបន់ជាច្រើនទៀតនៅទូទាំងខេត្ត North Kivu និងខេត្ត South Kivu ។

ប្រទេសរ៉្វាន់ដា បានច្រានចោលជាយូរមកហើយថា ពួកគេពុំបានជួយក្រុមឧទ្ទាម M23នោះទេ ៕