ឯកឧត្តម ហ៊ុន ម៉ានី លើកសរសើរទឹកចិត្តលះបង់ របស់គ្រូពេទ្យ ក្រោមស្មារតី “ទុក្ខព្រួយរបស់អ្នកជំងឺ ជាទុក្ខព្រួយរបស់គ្រូពេទ្យ”
ឯកឧត្តម ហ៊ុន ម៉ានី លើកសរសើរទឹកចិត្តលះបង់ របស់គ្រូពេទ្យ ក្រោមស្មារតី “ទុក្ខព្រួយរបស់អ្នកជំងឺ ជាទុក្ខព្រួយរបស់គ្រូពេទ្យ”
ចេញផ្សាយ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានលើកឡើងនិងសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះឧត្តមគតិ និងទឹកចិត្តលះបង់របស់ថ្នាក់ដឹកនាំ ក៏ដូចជាលោកគ្រូអ្នកគ្រូពេទ្យនៅទូទាំងប្រទេស ក្រោមស្មារតី “ទុក្ខព្រួយរបស់អ្នកជំងឺ ជាទុក្ខព្រួយរបស់គ្រូពេទ្យ”។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ឃ្លានេះដែលឯកឧត្តមបានស្តាប់ និងស្វែងយល់ដោយផ្ទាល់ពីប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង គឺពិតជាឆ្លុះបញ្ចាំងទៅលើទឹកចិត្ត និងការបំពេញវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានានៅទូទាំងប្រទេស។
ឯកឧត្តមបានបន្តថា ការខិតខំប្រឹងប្រែង ការលះបង់ និងការអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ក្នុងការធ្វើឲ្យអង្គភាពរបស់ពួកគាត់នីមួយៗអាចផ្តល់សេវាជូនដល់ប្រជាជននៅមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែ ប្រសើរ លឿន ពេញចិត្ត និងជឿទុកចិត្តបាន គឺបានបញ្ជាក់យ៉ាងច្បាស់អំពីភាពស្មោះស្ម័គ្រ និងការបំពេញវិជ្ជាជីវៈដែលហួសពីការចាត់តាំង។ “ទាំងនេះបញ្ជាក់ទៅលើភាពស្មោះស្ម័គ្រ ការបំពេញវិជ្ជាជីវៈដែលទៅផុតពីការចាត់តាំង ឬនិយាយមួយបែបគឺយក បេះដូង ក្តីស្រឡាញ់សម្រាប់បម្រើប្រជាជនរបស់ពួកគាត់។”
ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្ត ចំពោះលោកគ្រូអ្នកគ្រូពេទ្យដែលជាមន្ត្រីសុខាភិបាល ក៏ដូចជាក្រសួង ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត។

Leave a Reply