លោក Trump វាយប្រហារលោកស្រី Harris លើបញ្ហាអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក

បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃពុធ (២៤ កក្កដា) បានវាយប្រហារគូប្រជែងខាងបក្សប្រជាធិបតេយ្យថ្មីរបស់ខ្លួនគឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris) ថាជា «កម្លាំងជំរុញសេរីនិយមជ្រុល» ដែលគួរតែទទួលខុសត្រូវចំពោះគោលនយោបាយរបស់រដ្ឋបាលលោក ចូ បៃដិន (Joe Biden) ស្តីពីអន្តោប្រវេសន៍។

លោក Trump បានថ្លែងទៅកាន់ការជួបជុំយុទ្ធនាការបោះឆ្នោតនៅរដ្ឋ ណស ខារ៉ូឡាញណា (North Carolina) បីថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Biden បានដកខ្លួនហើយគាំទ្រលោកស្រីអនុប្រធានាធិបតី Harris ដែលបានអូសទាញការគាំទ្រយ៉ាងទូលំទូលាយនៅទូទាំងបក្សប្រជាធិបតេយ្យ។

លោក Trump បានព្យាយាមបំបែកសន្ទុះងើបឡើងរបស់លោកស្រីនៅក្នុងសុន្ទរកថាដ៏កម្រោលនៅឯការជួបជុំនោះ ដែលជាលើកដំបូងរបស់លោកចាប់តាំងពីការលេចឡើងរបស់លោកស្រី Harris បានផ្លាស់ប្តូរការប្រជែងតំណែងសេតវិមាន។ លោក Trump និយាយថា «Harris ជាមនុស្សឆ្កួតវង្វេងឆ្វេងនិយមជ្រុលដែលនឹងបំផ្លាញសហរដ្ឋអាមេរិក ប្រសិនបើលោកស្រីបានជាប់ឆ្នោត”។

លោកបន្តថា « Harris បានបើកព្រំដែនដែលអនុញ្ញាតឱ្យជនបរទេសខុសច្បាប់ ២០លាននាក់ប្រជ្រៀតគ្នាចូលអាមេរិក» ដោយបន្ថែមថា លោកនឹងបញ្ចប់រាល់គោលនយោបាយព្រំដែនបើកចំហររបស់រដ្ឋបាល Biden-Harris។

លោកស្រី Harris ជាស្ត្រីស្បែកខ្មៅ និងជនជាតិអាមេរិកអាស៊ីដំបូងគេដែលកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក ហើយនឹងក្លាយជាស្ត្រីដំបូងគេដែលជាប់ឆ្នោតជាប្រធានាធិបតី ប្រសិនបើលោកស្រីអាចពុះពារឧបសគ្គឈានដល់ជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា៕