ប្រធាន FBI៖ ខ្មាន់កាំភ្លើងបានបង្ហោះដ្រូនពីលើទីតាំងព្រិត្តិការណ៍របស់លោក Trump មុនការបាញ់ប្រហារ

នាយកអង្គភាព FBI បាននិយាយកាលពីថ្ងៃពុធ (២៤ កក្កដា) ថា ខ្មាន់កាំភ្លើងវ័យ ២០ឆ្នាំដែលប៉ុនប៉ងធ្វើឃាតលោក Donald Trump នៅឯការប្រមូលផ្តុំយុទ្ធនាការមួយ បានបង្ហោះដ្រូនពីលើទីតាំងនោះប្រហែល ២ម៉ោងមុនពេលលោក Trump ចាប់ផ្តើមថ្លែង។

ប្រធាន FBI លោក គ្រីស្តូហ្វឺ រ៉េ (Christopher Wray) ដែលផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសភា ក៏បាននិយាយផងដែរថា ការស៊ើបអង្កេតលើការបាញ់ប្រហារកាលពីថ្ងៃទី១៣ កក្កដា នោះមិនទាន់បង្ហាញពីហេតុផលជំរុញរបស់ខ្មាន់កាំភ្លើងនៅឡើយទេ។

ខ្មាន់កាំភ្លើង ថូម៉ាស ម៉ាត់ស៊ូ ឃ្រុកស៍ (Thomas Matthew Crooks) បានបើកការបាញ់ប្រហារលើលោក Trump ភ្លាមៗបន្ទាប់ពីម៉ោង ៦:០០ល្ងាច (ម៉ោងក្នុងស្រុក) ក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅទីក្រុង បាត់ល័រ (Butler) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania)។ បន្ទាប់មកខ្មាន់កាំភ្លើងនោះត្រូវបាញ់សម្លាប់ដោយអ្នកលបបាញ់ស៊ីបរបស់សេវាសម្ងាត់តិចជាង ៣០វិនាទីបន្ទាប់ពីបាញ់បានគ្រាប់ដំបូង។

លោក Wray បាននិយាយថា ជនសង្ស័យ Crooks បានបង្ហោះដ្រូនពីលើទីតាំងព្រឹត្តិការណ៍នោះប្រហែល ១១នាទី – ចន្លោះពីម៉ោង ៣:៥០នាទីរសៀល និង ៤:០០រសៀល – នៅថ្ងៃនៃការបាញ់ប្រហារ ចម្ងាយជិត ២០០ម៉ែត្រពីវេទិកាដែលលោក Trump គ្រោងនឹងថ្លែង។

នៅពេលសាកសួរថាតើ Crooks បាញ់ប៉ុន្មានគ្រាប់ លោក Wray បានឆ្លើយថា សំបកគ្រាប់ចំនួនប្រាំបីគ្រាប់ត្រូវបានរកឃើញនៅលើដំបូល។ លោក Wray បន្ថែមថា ខ្មាន់កាំភ្លើង «ហាក់ដូចជាបានធ្វើការស្រាវជ្រាវជាច្រើនទៅលើឥស្សរជនសាធារណៈ រួមទាំងព័ត៌មានអំពីការធ្វើឃាតប្រធានាធិបតី ចន ខេននឺឌី (John Kennedy)» ប៉ុន្តែ «នោះហាក់ដូចជាមិនបង្ហាញពីហេតុផលទាំងមូលចំពោះការបាញ់ប្រហារនៅឡើយទេ»៕