មន្ទីរបញ្ចកោណ ពន្លឿនការសាងសង់ខែលមីស៊ីល Golden Dome ដ៏ធំរបស់សហរដ្ឋអាមេរិក

ប្រភពមួយចំនួនបានប្រាប់សារព័ត៌មានរ៉យទ័រថា កងកម្លាំងអវកាសអាមេរិក បានបែងចែកកិច្ចសន្យានៃការសាងសង់ខែលដែនអាកាស Golden Dome ដ៏មានមហិច្ឆិតារបស់ខ្លួន ជាផ្នែកតូចៗប្រហែល ៦កិច្ចសន្យា ដើម្បីបង្កើតគំរូប្រព័ន្ធការពារមីស៊ីលមួយនេះ ដែលជាការចាប់ផ្តើមប្រកួតប្រជែងសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ។

ប្រភពលើកឡើងថា កិច្ចសន្យាទាំងនោះបានទៅក្រុមហ៊ុនជាច្រើន រួមទាំងស្ថាប័នវិស័យការពារជាតិ Northrop Grumman ក្រុមហ៊ុនបច្ចេកវិទ្យា True Anomaly ក្រុមហ៊ុនផលិតយុទ្ធោបករណ៍លំដាប់ពិភពលោក Lockheed Martin ព្រមទាំងឧស្សាហកម្ម Anduril ។ កិច្ចសន្យានេះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់នៃកិច្ចប្រឹងប្រែងរបស់មន្ទីរបញ្ចកោណ ក្នុងការតាមដាន និងបំផ្លាញមីស៊ីលរបស់សត្រូវ ហើយរួមបញ្ចូលគំរូដើមនៃឧបករណ៍ស្ទាក់ចាប់ ដែលមានមូលដ្ឋានលើលំហ និងប្រព័ន្ធពាក់ព័ន្ធ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមិនអាចកំណត់ទំហំនៃកិច្ចសន្យាបានទេ។ ប៉ុន្តែប្រភពនិយាយថា កងកម្លាំងអវកាសផ្តល់កិច្ចសន្យាទៅឱ្យ Northrop Grumman និង Anduril ក្នុងតម្លៃ ១០លានដុល្លារ យោងតាមតារាងតម្លៃដែលចេញផ្សាយក្នុងបទបង្ហាញរបស់មន្ទីរបញ្ចកោណ កាលពីខែកក្កដា។

កាលពីខែឧសភា លោកប្រធានាធិបតី Donald Trump បានប្រកាសជាផ្លូវការនូវផែនការសាងសង់ខែលមីស៊ីលមួយនេះ។ លក្ខណៈពិសេសរបស់ Golden Dome នឹងរួមបញ្ចូលសមត្ថភាពលើដីគោក និងលំហ ដែលអាចពិនិត្យឃើញ និងស្ទាក់មីស៊ីល នៅគ្រប់ដំណាក់កាលសំខាន់ៗទាំង៤ ក្នុងលទ្ធភាពនៃការវាយប្រហារដូចជា ១-ការរកឃើញ និងបំផ្លាញមីស៊ីលសត្រូវមុនពេលបាញ់បង្ហោះ ២-ស្ទាក់ចាប់មីស៊ីលក្នុងដំណាក់កាលដំបូងនៃការហោះហើរ ៣-បញ្ឈប់មីស៊ីលនៅពាក់កណ្តាលអាកាស ហើយទី៤ គឺបញ្ឈប់មីស៊ីលនៅនាទីចុងក្រោយ នៅពេលចុះទៅកាន់គោលដៅមួយ៕