ក្រុមហ៊ុនផលិតយុទ្ធោបករណ៍របស់អាល្លឺម៉ង់ បានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលអឺរ៉ុបចំនួនពីរ បានយល់ព្រមបញ្ជាទិញយានដ្រូនបើកក្រោមទឹក សម្រាប់ប្រើប្រាស់ក្នុងវិស័យយោធា ខណៈបណ្ដាប្រទេសក្នុងតំបន់ប្រឹងប្រែងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ដើម្បីទប់ទល់នូវអ្វីដែលពួកគេហៅថា កំណើននៃការគំរាមកំហែងរបស់រុស្ស៊ី។
ក្រុមអ្នកឯកទេសបាននិយាយថា យានដ្រូនក្រោមទឹកស្វយ័តទាំងនោះ អាចយកទៅប្រើប្រាស់បានច្រើនយ៉ាងក្នុងវិស័យយោធា រាប់ចាប់ពីការត្រួតពិនិត្យខ្សែកាប្លិ៍ក្រោមសមុទ្រ តាមដានសកម្មភាពនាវាមុជទឹក និងការស្វែងរកគ្រាប់មីនក្រោមទឹកជាដើម។ ប៉ុន្តែដ្រូនបែបនេះអាចមានតម្លៃថ្លៃណាស់ ដែលអាចចំណាយអស់រាប់លានដុល្លារក្នុងមួយគ្រឿងៗ ខណៈប្រតិបត្តិការក្រោមទឹករយៈពេលយូរ ក៏ជាបញ្ហាប្រឈមផ្នែកបច្ចេកទេសផងដែរ។
ក្រុមហ៊ុនផលិតយុទ្ធោបករណ៍ Euroatlas មានមូលដ្ឋាននៅទីក្រុង Bremen បានប្រាប់រ៉យទ័រថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាពីរដំបូង ជាមួយក្រសួងការពារជាតិនៃរដ្ឋអឺរ៉ុបចំនួន២ ដែលមិនបញ្ចេញឈ្មោះ សម្រាប់ការលក់យានដ្រូនក្រោមទឹកស្វយ័តរបស់ខ្លួន។ លោក Eugen Ciemnyjewski នាយកប្រតិបត្តិ Euroatlas បាននិយាយក្នុងបទសម្ភាសន៍មួយថា កិច្ចព្រមព្រៀងនោះគឺសម្រាប់ដ្រូន Greyshark ដែលមានតម្លៃសរុបជាង ១០០លានអឺរ៉ូ (ឬ ១១៦លានដុល្លារអាមេរិក)។
គួរឱ្យដឹងថា យាន Greyshark គឺជាដ្រូនបើកក្រោមទឹកស្វយ័តខ្នាតមធ្យម និងរយៈចម្ងាយឆ្ងាយ ដែលអាចប្រើបានជាក្រុម។ ក្រុមហ៊ុន Euroatlas បាននិយាយថា ម៉ូដែលបច្ចុប្បន្នរបស់ខ្លួន កំណត់ពេលវេលាប្រតិបត្តិការអតិបរមា ៥ថ្ងៃកន្លះ ហើយថា ខ្លួនកំពុងតែធ្វើការលើម៉ូដែលថ្មីមួយដែលអាចប្រតិបត្តិការ ១៦សប្តាហ៍ នៅក្រោមទឹក៕




Leave a Reply