
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្កើនចំនួនអ្នកស្លាប់សរុបដោយគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីទ្រង់ទ្រាយធំនៅលើកោះស៊ូម៉ាត្រា កាលពីថ្ងៃចន្ទ (១ ធ្នូ) ដោយមកទល់ពេលនេះ មានមនុស្សយ៉ាងតិចចំនួន ៦០៤នាក់ទៅហើយ ត្រូវរាយការណ៍ថាបានបាត់បង់ជីវិត។
ទំហំដ៏បំផ្លិចបំផ្លាញនៃគ្រោះមហន្តរាយនេះកាន់តែបង្ហាញច្បាស់ឡើង ចាប់តាំងពីភ្លៀងធ្លាក់ខ្លាំងបានវាយលុកផ្នែកធំៗនៃកោះស៊ូម៉ាត្រា កាលពីសប្តាហ៍មុន ដោយទឹកទន្លេហូរហៀរលើសលប់ បង្កឱ្យមានបំណាក់ដី និងការលិចលង់ភូមិស្រុកទាំងមូល។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) បាននិយាយថា មនុស្សចំនួន ៤៦៤នាក់ ទៀតនៅតែបាត់ខ្លួន និង ២.៦០០នាក់ បានរងរបួស។ ទីភ្នាក់ងារនេះបន្តថា អ្នកស្រុកជាង ១,៥លាននាក់ បានរងផលប៉ះពាល់ ហើយមនុស្សប្រហែល ៥៧ម៉ឺននាក់ បានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយមនុស្សជាច្រើនទៅជ្រកកោននៅក្នុងអគារសាធារណៈដ៏តូចចង្អៀត ដែលលទ្ធភាពប្រើប្រាស់ទឹកស្អាត និងអគ្គិសនី នៅមានកម្រិត។
ការបំផ្លិចបំផ្លាញអាក្រក់បំផុត ត្រូវបានរាយការណ៍នៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង ជាទីដែលមនុស្សជិត ៣០០នាក់ ត្រូវបញ្ជាក់ថាបានស្លាប់។ ទីភ្នាក់ងារគ្រោះមហន្តរាយ បាននិយាយថា រដ្ឋាភិបាលក្នុងតំបន់ បានជួបការលំបាកក្នុងការស្តារទំនាក់ទំនង និងចូលទៅដល់សហគមន៍នានា ដែលត្រូវកាត់ផ្តាច់ដោយស្ពានបាក់ ផ្លូវថ្នល់ជន់លិច និងបណ្តាញអគ្គិសនីខូចខាត៕
Leave a Reply