អាមេរិក ចោទ ចិន សំងំដំឡើងមីស៊ីលបាលិស្ទីគអន្តរទ្វីបជាង ១០០ គ្រាប់ ក្នុងមូលដ្ឋានមីស៊ីលក្រោមដី

វ៉ាស៊ីនតោន ៖ អាមេរិកបានចង្អុលមុខចិនចំៗ ថាបានដំឡើងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ច្រើនជាង ១០០គ្រាប់ នៅឯមូលដ្ឋានមីស៊ីលក្រោមដីចំនួន ៣ទីតាំង និងថា ទីក្រុងប៉េកាំងគ្មានចេតនាបើកកិច្ចចរចាលើការគ្រប់គ្រងអាវុធនោះទេ ។ នេះបើតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ។

ការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ធ្វើឡើងនៅក្នុងសេចក្ដីព្រាងរបាយការណ៍មួយរបស់មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក ដែលបានគូសបញ្ជាក់ពីការកើនឡើងមហិច្ឆតាយោធារបស់ប្រទេសចិន ។

យោងតាមរបាយការណ៍នេះ ចិនទំនងជាបានដំឡើងមីស៊ីលបាលិស្ទីគអន្តរទ្វីប ដំណើរការដោយឥន្ធនៈរឹង DF-31 ICBM ជាង ១០០គ្រាប់ នៅតាមមូលដ្ឋានមីស៊ីលក្រោមដី ស្ថិតនៅតំបន់ព្រំដែនរបស់ចិនជាប់ម៉ុងហ្គោលី ។

ជាការឆ្លើយតប ទីក្រុងប៉េកាំងបានចាត់ទុករបាយការណ៍ ស្ដីពីការអភិវឌ្ឍយោធារបស់ចិន ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ថាជាការលាបពណ៌ ដែលមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះចិន និងមានចេតនាបំភ័ន្តសហគមន៍អន្តរជាតិ ។

ផ្អែកតាមស្ថាប័ន Bulletin of the Atomic Scientists កាសែតរ៉យទ័ររាយការណ៍ថា ចិនកំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងស្ដុកសព្វាវុធរបស់ខ្លួន លឿនជាងប្រទេសមហាអំណាចប្រដាប់ដោយអាវុធនុយក្លេអ៊ែរដទៃទៀត ។

ជាក់ស្តែង យោងតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល ហៅកាត់ (SIPRI), អាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥,១៧៧គ្រាប់, រុស្ស៊ីមានប្រហែល ៥,៤៥៩គ្រាប់ និងចិនកំពុងស្ថិតក្នុងលឿនឆ្ពោះទៅរកការផលិតបានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ១,៥០០គ្រាប់នៅត្រឹមឆ្នាំ ២០៣៥ ៕

ប្រភព ៖ CNA និង RT