តូក្យូ ៖ ប្រទេសជប៉ុននឹងបើកដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបង្អស់លើពិភពលោកឡើងវិញ ក្រោយបិទអស់រយៈពេលជិត ១៥ ឆ្នាំ ដោយសារតែគ្រោះមហន្តរាយ Fukushima ។
បើតាមសារព័ត៌មាន Al Jazeera, រោងចក្រថាមពលនុយក្លេអ៊ែរដែលគ្រោងនឹងបើកឡើងវិញនេះមានឈ្មោះ Kashiwazaki-Kariwa មានទីតាំងនៅចម្ងាយប្រមាណ ២២០ គីឡូម៉ែត្រ ពីភាគពាយព្យទីក្រុងតូក្យូ ។
វាស្ថិតក្នុងចំណោមរ៉េអាក់ទ័រនុយក្លេអ៊ែរសរុបចំនួន ៥៤ ដែលត្រូវបានបិទ ក្រោយកើតមានការរញ្ជួយផែនដី និងរលកយក្សស៊ូណាមិនៅឆ្នាំ ២០១១ ដែលបានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiich ។
ផែនការបើកដំណើរការឡើងវិញនេះកើតមានឡើង ក្រោយសភារបស់ខេត្ត Niigata បានអនុម័តការបោះឆ្នោតផ្ដល់ទំនុកចិត្ត ទៅលើលោកអភិបាលខេត្ត Hideyo Hanazumi ដែលបានគាំទ្រឲ្យបើករោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សមួយនេះឡើងវិញកាលពីខែមុន ។
ចាប់តាំងពីពេលនោះមក ជប៉ុនបានដំណើរការឡើងវិញ រ៉េអាក់ទ័រចំនួន ១៤ ក្នុងចំណោម ៣៣ ដែលនៅអាចធ្វើប្រតិបត្តិការបាន ស្របពេលដែលទីក្រុងតូក្យូព្យាយាមកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ។
ជាមួយគ្នានេះ លោកស្រីនាយករដ្ឋមន្រ្តីជប៉ុន Sanae Takaichi ដែលបានឡើងកាន់តំណែងកាលពី២ខែមុន ក៏បានគាំទ្រកិច្ចប្រឹងប្រែងដំណើរការថាមពលនុយក្លេអ៊ែរឡើងវិញផងដែរ ដើម្បីពង្រឹងសន្តិសុខថាមពល និងទប់ទល់ជាមួយតម្លៃនៃការនាំចូលឥន្ធនៈហ្វូស៊ីល ដែលរ៉ាប់រងពី ៦០ទៅ៧០ភាគរយ នៃការផលិតថាមពលអគ្គិសនីរបស់ជប៉ុន ។
តួយ៉ាង ក្នុងឆ្នាំ ២០២៤ ជប៉ុនបានចំណាយប្រមាណ ៦៨ ពាន់លានដុល្លារ លើការនាំចូលឧស្ម័នធម្មជាតិរាវ និងធ្យូងថ្ម ដែលស្មើនឹង ១ ភាគ១០ នៃថ្លៃនាំចូលសរុបរបស់ខ្លួន ៕
ប្រភព ៖ CNA

Leave a Reply