UN ៖ យោធាមីយ៉ាន់ម៉ាប្រើហិង្សា និងចាប់បង្ខំពលរដ្ឋឲ្យទៅបោះឆ្នោត

ណៃពិដោ ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រើអំពើហិង្សា និងការបំភិតបំភ័យ បង្ខំឲ្យពលរដ្ឋនាំគ្នាទៅបោះឆ្នោតនាពេលខាងមុខ ខណៈក្រុមប្រឆាំងប្រដាប់អាវុធក៏កំពុងប្រើយុទ្ធសាស្ត្រស្រដៀងគ្នាដែរ សំដៅរារាំងប្រជាជនកុំទៅបោះឆ្នោត ។ នេះបើតាមការលើកឡើងរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ។

របបយោធាមីយ៉ាន់ម៉ានឹងធ្វើជាអ្នកមើលខុសត្រូវការបោះឆ្នោត ដែលចាប់ផ្តើម នៅថ្ងៃអាទិត្យ ដោយចាត់ទុកការបោះឆ្នោតដ៏តឹងរ៉ឹងបំផុតនេះថា ជាការវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យវិញ ពោលគឺរយៈពេល ៥ឆ្នាំ បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតចុងក្រោយ ដែលបណ្តាលឲ្យមានសង្គ្រាមស៊ីវិលរហូតដល់សព្វថ្ងៃ ។

តែទោះបីជាយ៉ាងណា ក្រុមឃ្លាំមើលអន្តរជាតិបានច្រានចោលការបោះឆ្នោតជាដំណាក់កាលរយៈពេលមួយខែរបស់មីយ៉ាន់ម៉ានេះ ហើយចាត់ទុកថា វាគ្រាន់តែការលើកមុខមាត់របបដឹកនាំយោធាឡើងវិញប៉ុណ្ណោះ ។

បើតាមលោក Volker Turk ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ, អាជ្ញាធរយោធាមីយ៉ាន់ម៉ាត្រូវតែបញ្ឈប់ការប្រើអំពើហិង្សាដ៏សាហាវឃោរឃៅ ដើម្បីបង្ខំឲ្យពលរដ្ឋទៅបោះឆ្នោត និងបញ្ឈប់រាល់ការចាប់ខ្លួនអ្នកដែលមិនពេញចិត្តនឹងរបបដឹកនាំយោធា ។

សូមបញ្ជាក់ថា ការបោះឆ្នោតដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា គ្រោងធ្វើឡើងក្នុងគ្រាដែលអតីតមេដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី នៅតែជាប់ពន្ធនាគារ ហើយគណបក្សដ៏មានប្រជាប្រិយរបស់លោកស្រីត្រូវបានរំលាយ ក្រោយរបបយោធាបានបញ្ចប់បទពិសោធន៍សាកល្បងអនុវត្តលទ្ធិប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍របស់ប្រទេសនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ៕

ប្រភព ៖ CNA