១៤ ប្រទេស ថ្កោលទោសអ៊ីស្រាអែលសង់លំនៅដ្ឋានថ្មីនៅ West Bank

ប៉ារីស ៖ ប្រទេសចំនួន ១៤ ក្នុងនោះមានមហាយក្សនៅអឺរ៉ុប ដូចជាបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានរួមគ្នាថ្កោលទោសអ៊ីស្រាអែល ដែលថ្មីៗនេះទើបបានអនុម័តឱ្យសាងសង់លំនៅដ្ឋានជីហ្វថ្មីនៅតំបន់ West Bank ដែលខ្លួនគ្រប់គ្រង ។

បន្ថែមពីលើការថ្កោលទោស ប្រទេសទាំង ១៤ ក៏បានព្រមានដែរថា សកម្មភាពនេះ កំពុងប្រឈមនឹងហានិភ័យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពយូរអង្វែង ។

យោងតាមសេចក្តីថ្លែងការណ៍រួមផ្សព្វផ្សាយដោយក្រសួងការបរទេសបារាំង, ប្រទេសទាំង ១៤ បានសម្តែងការប្រឆាំងតវ៉ា ចំពោះការសម្រេចចិត្តរបស់គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអែល ដែលបានបើកភ្លើងបៃតងឱ្យសាងសង់លំនៅដ្ឋានថ្មីចំនួន ១៩កន្លែងនៅលើទឹកដី West Bank ។

ប្រទេសទាំងនោះបានលើកឡើងថា សកម្មភាពឯកតោភាគីបែបនេះ ធ្វើឱ្យខូចច្បាប់ទម្លាប់អន្តរជាតិ និងគំរាមកំហែងធ្វើឱ្យស្ថានការណ៍មានអស្ថិរភាពក្នុងពេលវេលាដ៏រសើបមួយ ខណៈដែលអ្នកសម្រុះសម្រួលជំរុញដំណាក់កាលទីពីរនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា ។

ទន្ទឹមគ្នា ប្រទេសទាំង ១៤ បានជំរុញឱ្យអ៊ីស្រាអែលផ្លាស់ប្តូរការសម្រេចចិត្តនេះ ក៏ដូចជាបញ្ឈប់រាល់ការប៉ុនប៉ងពង្រីកការតាំងទីលំនៅ ដោយសង្កត់ធ្ងន់ថា ការបន្តសកម្មភាពតាំងទីលំនៅអាចធ្វើឱ្យមានភាពតានតឹងបន្ថែមទៀត ។

គួរកត់សម្គាល់ កាលពីដើមខែធ្នូនេះ អង្គការសហប្រជាជាតិនិយាយថា ការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៧ នាំឱ្យសហគមន៍បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ។

អ៊ីស្រាអែលបានចូលទន្ទ្រានកាន់កាប់តំបន់ West Bank ចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ ។ មកទល់ពេលនេះ ប្រជាជនអ៊ីស្រាអែលជាង ៥០០,០០០នាក់ កំពុងរស់នៅទូទាំងតំបន់ West Bank រួមជាមួយប្រជាជនប៉ាឡេស្ទីនប្រហែល ៣លាននាក់ ៕