មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារជូនពរ ប្រធានាធិបតីអាមេរិក លោក Donald Trump រីករាយ នៅថ្ងៃបុណ្យណូអែល។ នេះគឺជាការបញ្ជាក់ របស់វិមានក្រឹមឡាំង ចេញផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃសុក្រ ទី២៦ ខែធ្នូ។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានបង្ហើបប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា លោក Putin បានផ្ញើសារ តាមរយៈបណ្តាញសង្គម Telegram ជាមួយនឹងការស្វាគមន៍ ទៅកាន់លោក Trump រួចហើយ ដោយបន្ថែមថា «មិនមានការចង្អុលបង្ហាញ អំពីការសន្ទនាតាមទូរស័ព្ទ រវាងមេដឹកនាំទាំងពីរ សម្រាប់ថ្ងៃនោះទេ»។
នៅក្រោមការគ្រប់គ្រង របស់លោក Trump, ទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិកមានភាពកក់ក្តៅជាងអំឡុងពេលការកាន់តំណែង របស់អតីតប្រធានាធិបតី លោក Joe Biden។ លោក ពូទីន និង លោក Trump បានចូលរួមក្នុងកិច្ចពិភាក្សាយ៉ាងសកម្ម លើការដោះស្រាយជម្លោះអ៊ុយក្រែន និងការពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញ ដោយបានរៀបចំកិច្ចប្រជុំកំពូល នៅរដ្ឋអាឡាស្កា កាលពិខែសីហា ក្នុងគោលបំណងបញ្ចប់អរិភាព រវាងទីក្រុងមូស្គូ និងគៀវ ទោះបីជាកិច្ចពិភាក្សានេះ មិនបានជោគជ័យក៏ដោយ។
កាលពីខែមិថុនា លោក ពូទីន ក៏បានទូរស័ព្ទទៅលោក Trump រីករាយថ្ងៃខួបកំណើត គម្រប់ ៧៩ឆ្នាំផងដែរ ដោយមេដឹកនាំទាំងពីរ ក៏បានឆ្លៀតពិភាក្សាអំពីប្រទេសអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា ក្នុងអំឡុងពេលសន្ទនា រយៈពេល ៥០នាទី។ នៅថ្ងៃទី១៦ ខែតុលា លោកពូទីន ក៏បានធ្វើការហៅទូរស័ព្ទ ទៅអបអរសាទរ លោក Trump ចំពោះការជួយសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព នៅតំបន់ហ្គាហ្សា។
យ៉ាងណា កាលពីឆ្នាំមុន ជាច្រើនសប្តាហ៍ មុនពេលចូលកាន់តំណែង របស់លោក Trump, លោក Putin បានបដិសេធ មិនផ្ញើសារស្វាគមន៍បុណ្យណូអែលណាមួយ ទៅកាន់មេដឹកនាំលោកខាងលិច រួមទាំង លោក ដូណាល់ ត្រាំ ដោយពន្យល់ថា អាមេរិកបានដាក់ខ្លួនជាប្រទេស “មិនរាក់ទាក់” ចំពោះរុស្ស៊ី។ នេះបើតាមសារព័ត៌មានរុស្ស៊ី RT ដដែល៕
ប្រភពពី RT

Leave a Reply