កូរ៉េខាងជើង បាញ់សាកល្បងកាំជ្រួច រយៈចម្ងាយឆ្ងាយ

ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីល Cruise រយៈចម្ងាយឆ្ងាយ ជាយុទ្ធសាស្ត្រចំនួនពីរ ចូលទៅក្នុងសមុទ្រ ដើម្បីបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធ។

ទីភ្នាក់ងារសារព័ត៌មាន KCNA រាយការណ៍ ថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានត្រួតពិនិត្យសមយុទ្ធ ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យ លើសមុទ្រលឿង ហើយបានជំរុញឱ្យមានការអភិវឌ្ឍ «គ្មានដែនកំណត់ និងប្រកបដោយនិរន្តរភាព» នៃកងកម្លាំងអាវុធនុយក្លេអ៊ែរ របស់ប្រទេស។

នេះគឺជាការធ្វើតេស្តកាំជ្រួចមីស៊ីល Cruise រយៈចម្ងាយឆ្ងាយ លើកដំបូង ចាប់តាំងពីដើម ខែវិច្ឆិកា។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានអះអាងថា យោធាកូរ៉េខាងត្បូង បានរកឃើញការបាញ់មីស៊ីល ជាច្រើនគ្រាប់ ចេញពីតំបន់ Sunan ក្បែរទីក្រុងព្យុងយ៉ាង។

សារព័ត៌មាន KCNA និយាយថា គោលដៅនៃសមយុទ្ធនេះ គឺដើម្បីពិនិត្យមើលឡើងវិញនូវ ឥរិយាបថឆ្លើយតបការវាយលុក និងសមត្ថភាពប្រយុទ្ធ របស់អង្គភាពកាំជ្រួចរយៈចម្ងាយឆ្ងាយ។ លោក Kim បាននិយាយថា រដ្ឋាភិបាល និងគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង «នឹងលះបង់រាល់ការខិតខំប្រឹងប្រែងរបស់ពួកគេ ចំពោះការអភិវឌ្ឍន៍គ្មានដែនកំណត់ និងនិរន្តរភាព នៃកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់រដ្ឋ»។

កូរ៉េខាងជើង ក៏បានបាញ់សាកល្បងមីស៊ីលផ្លោង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ត្រឹមតែជាងមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើដំណើរទស្សនកិច្ច ក្នុងតំបន់ ដោយពេលនោះ លោកត្រាំបានសម្តែងចំណាប់អារម្មណ៍ ចង់ជួបជាមួយលោក គីម។ ទីក្រុង ព្យុងយ៉ាង មិនបានឆ្លើយតបនឹងការផ្តល់ជូននេះទេ៕

ប្រភពពី AFP