តូក្យូ ៖ ប្រទេសជប៉ុន នៅថ្ងៃពុធ បាននិយាយរិះគន់ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយ់ធំរបស់ចិន ព័ទ្ធជុំវិញកោះតៃវ៉ាន់ថា នឹងបង្កើនភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយទីក្រុងតូក្យូបានបង្ហាញក្តីព្រួយបារម្ភដល់ទីក្រុងប៉េកាំង ។
ល្បែងសង្គ្រាមខ្នាតធំរបស់ចិនក្នុងសប្តាហ៍នេះ ពាក់ព័ន្ធនឹងយន្តហោះចម្បាំងរាប់សិបគ្រឿង ហើយនាវាកងទ័ពជើងទឹកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងការក្លែងធ្វើជាបិទកំពង់ផែសំខាន់ៗរបស់កោះតៃវ៉ាន់ ក៏ដូចជាការវាយប្រហារគោលដៅសមុទ្រ ។
ចិនតែងតែចាត់ទុកកោះតៃវ៉ាន់ថា ជាខេត្តផ្តាច់ខ្លួនរបស់ខ្លួន ហើយទីក្រុងប៉េកាំងមិនដែលច្រានចោលឡើយ ចំពោះការប្រើប្រាស់កម្លាំងយោធា ដើម្បីរឹបអូសកោះប្រជាធិបតេយ្យមួយនេះមកគ្រប់គ្រង ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក Toshihiro Kitamura និយាយថា សមយុទ្ធយោធាដែលទើបបញ្ចប់ ធ្វើឡើងដោយយោធាចិននៅជុំវិញកោះតៃវ៉ាន់ បានបង្កសកម្មភាពបង្កើនភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយរដ្ឋាភិបាលជប៉ុនសូមបង្ហាញក្តីបារម្ភរបស់ខ្លួនដល់ភាគីចិន ។
បើតាមការលើកឡើងរបស់លោក Kitamura, ជប៉ុនរំពឹងថា បញ្ហាជុំវិញកោះតៃវ៉ាន់ត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងថា សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ មានសារៈសំខាន់សម្រាប់សហគមន៍អន្តរជាតិទាំងមូល ៕
ប្រភព ៖ CNA

Leave a Reply