ហ្សេរុយសាឡឹម ៖ យោធាអ៊ីស្រាអែលបានឱ្យដឹងកាលពីថ្ងៃពុធថា ក្នុងឆ្នាំ ២០២៥ ខ្លួនបានវាយប្រហារប្រមាណ ២០.៩០០លើក ទូទាំងតំបន់មជ្ឈិមបូព៌ា ដោយកំណត់គោលដៅចម្បងលើតំបន់អ៊ីរ៉ង់ ស៊ីរី និងលីបង់ និងហ្គាហ្សា ។
ក្នុងចំណោមការវាយប្រហារទាំងអស់ យោធាអ៊ីស្រាអែលបានវាយប្រហារតំបន់ហ្គាហ្សា ជាកន្លែងដែលបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ប្រហែល ១៩.៥៣០លើក ។ បើតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា, ការវាយប្រហារទាំងនោះ បានសម្លាប់ជីវិតមនុស្សសរុបចំនួន ៧១.២៦៩នាក់ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ។
រីឯនៅក្នុងប្រទេសអ៊ីរ៉ង់ យោធាអ៊ីស្រាអែលបានវាយប្រហារប្រហែល ១.៥០០ទីតាំងនៅអ៊ីរ៉ង់ និងបានសម្លាប់អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរចំនួន ១១នាក់ និងមន្រ្តីជាន់ខ្ពស់ចំនួន ៣០នាក់ ។
ចំណែកនៅក្នុងប្រទេសលីបង់ និងស៊ីរី យោធាអ៊ីស្រាអែលបានវាយប្រហារប្រហែល ៩៥០លើក ភាគច្រើននៅភាគខាងត្បូងលីបង់ ដោយផ្តោតសំខាន់លើការកម្ទេចសំបុកក្រុមប្រដាប់អាវុធហេសបូឡា ហើយការវាយប្រហារនៅស៊ីរីភាគច្រើនវាយលុកតាមផ្លូវគោក និងអាកាសចាប់តាំងពីចុងឆ្នាំ២០២៤ ។
ទោះបីជាប់ដៃប្រយុទ្ធក៏ដោយ អ៊ីស្រាអែលក៏មានតម្រូវកេណ្ឌកងទ័ពបន្ថែមផងដែរ ។ បើតាមតួលេខគិតត្រឹមចុងឆ្នាំ២០២៥, អ៊ីស្រាអែលបានកេណ្ឌទាហានបម្រុងប្រហែល ៣០៦.៨៣០នាក់ ក្នុងនោះ ៥៤.០០០នាក់ ដែលពីមុនត្រូវបានលើកលែងកាព្វកិច្ចចូលបម្រើយោធា ៕
ប្រភព ៖ China Daily

Leave a Reply