ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងបាលិស្ទីគជាច្រើនគ្រាប់ ចេញពីរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅសមុទ្រខាងកើតប្រទេសរបស់ខ្លួន នៅម៉ោងប្រហែល ៧និង៥០នាទីព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) ។ នេះបើតាមការអះអាងពីយោធាកូរ៉េខាងត្បូង ។
យោងតាមសារព័ត៌មាន CNA, នេះជាការបាញ់មីស៊ីលផ្លោងបាលិស្ទីគលើកដំបូងក្នុងរយៈពេល២ខែ និងមុនពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង ធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ដែលចាប់ផ្តើមពីថ្ងៃអាទិត្យនេះ ជាទីដែលមេដឹកនាំទីក្រុងសេអ៊ូល ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីសន្តិភាពនៅតំបន់ឧបទ្វីបកូរ៉េ ។
ឆ្លើយតបការធ្វើតេស្តមីស៊ីលផ្លោងរបស់កូរ៉េខាងជើង អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា យោធារបស់យើងរក្សាជំហរត្រៀមខ្លួនយ៉ាងរឹងមាំ និងចែករំលែកព័ត៌មានមីស៊ីលផ្លោងរបស់កូរ៉េខាងជើងយ៉ាងជិតស្និទ្ធជាមួយភាគីអាមេរិក និងជប៉ុន ចំពេលមានជំហរឃ្លាំមើលកាន់តែខ្លាំងប្រឆាំងនឹងការបាញ់បន្ថែម ។
ការធ្វើតេស្តមីស៊ីលនេះដែរ កើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យបង្កើនសមត្ថភាពផលិតអាវុធនាំផ្លូវយុទ្ធសាស្ត្រទ្វេដង កំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់រោងចក្រផលិតគ្រាប់រំសេវមួយកន្លែងកាលពីថ្ងៃសៅរ៍ ។
កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចម្ងាយខ្លីលើកចុងក្រោយ ឆ្ពោះទៅសមុទ្រខាងកើតកាលពីថ្ងៃទី៧ ខែវិច្ឆិកា ដែលជាការបាញ់មីស៊ីលផ្លោងលើកទី៦ របស់កូរ៉េខាងជើងកាលពីឆ្នាំមុន ៕
ប្រភព ៖ CNA

Leave a Reply