សម្តេចតេជោ ហ៊ុន សែន បង្ហាញអំពីស្មារតីសាមគ្គី ឯកភាពជាតិ របស់ប្រជាជនកម្ពុជាថាគឺជាខឿនការពារជាតិដ៏រឹងមាំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីរំភើបឥតឧបមាដែលបានឃើញការចូលរួមដ៏ផុលផុសរបស់បងប្អូនជន រួមជាតិគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងប្រទេស ទាំងក្រៅប្រទេសក្នុងការផ្តល់ការគាំទ្រពេញទំហឹងទាំង ខាងសម្ភារៈ និងស្មារតីដល់វីរៈយុទ្ធជននៅសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅ យ៉ាងលំបាកនៅតាមជម្រកសុវត្ថិភាពនានាក្នុងពេលដែលប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានមកលើកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសកម្មភាពនេះថាជាស្មារតីសាមគ្គី ឯកភាពជាតិ របស់ប្រជាជនកម្ពុជាដែលជាខឿនការពារជាតិដ៏រឹងមាំ។

ការលើកបង្ហាញនេះបានធ្វើឡើងនៅក្នុងសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា នាថ្ងៃទី៧មករាឆ្នាំ២០២៦នេះ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែនបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទីត្រូវបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោម បាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង។ សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់ យើងបានឡើយ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)