[UPDATE] TikTok ឈានដល់កិច្ចព្រមព្រៀងសហកម្មសិទ្ធិអាមេរិកថ្មី ដើម្បីជៀសវាងបម្រាមរបស់សហរដ្ឋអាមេរិក
ក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីវីដេអូខ្លី TikTok បានសម្រេចចុងក្រោយនូវកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ (២២ មករា) ដើម្បីបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិ ដែលភាគច្រើនកាន់កាប់ដោយវិនិយោគិនអាមេរិក ដើម្បីបញ្ចៀសការហាមឃាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយនេះ ដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកជាង ២០០លាននាក់។
កិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្មវិធីវីដេអូខ្លីនេះ បន្ទាប់ពីការតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ដែលបានចាប់ផ្តើមដំបូងនៅក្នុងខែសីហា ឆ្នាំ២០២០ នៅពេលលោកប្រធានាធិបតី Donald Trump ក្នុងអាណត្តិទីមួយរបស់លោក បានព្យាយាមហាមឃាត់កម្មវិធីនេះជាលើកដំបូងដោយសារក្តីបារម្ភពីសន្តិសុខជាតិ ប៉ុន្តែមិនបានជោគជ័យទេនៅពេលនោះ។
ក្រុមហ៊ុន ByteDance បាននិយាយថា អង្គភាពសហកម្មសិទ្ធិថ្មីមួយនៅសហរដ្ឋអាមេរិកនេះ មានឈ្មោះថា TikTok USDS Joint Venture LLC ដែលនឹងធានាសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ កម្មវិធី និងប្រព័ន្ធមុខងារប្រើប្រាស់របស់សហរដ្ឋអាមេរិក តាមរយៈវិធានការឯកជនភាពទិន្នន័យ និងសន្តិសុខតាមអ៊ីនធឺណិត។
កិច្ចព្រមព្រៀងនេះផ្តល់សិទ្ធិឱ្យវិនិយោគិនអាមេរិក និងវិនិយោគិនសកល រួមទាំងក្រុមហ៊ុនខ្នាតយក្សផ្នែកទិន្នន័យកុំព្យូទ័រ Oracle ក៏ដូចជាក្រុមហ៊ុនឯកជន Silver Lake និងក្រុមហ៊ុន MGX ដែលមានមូលដ្ឋាននៅទីក្រុងអាប៊ូដាប៊ី កាន់កាប់ភាគហ៊ុនយ៉ាងច្រើនសរុបដល់ទៅ ៨០,១% នៅក្នុងសម្ព័ន្ធសហកម្មសិទ្ធិថ្មីនេះ ខណៈដែលក្រុមហ៊ុនមេ ByteDance ផ្ទាល់ នឹងរក្សាភាគហ៊ុនចំនួន ១៩,៩% តែប៉ុណ្ណោះ៕



Leave a Reply