រុស្ស៊ី បន្តវាយសង្គ្រប់លើ អ៊ុយក្រែន ទោះភាគីទាំងពីរកំពុងចរចាបញ្ចប់សង្គ្រាម

កៀវ ៖ យោធារុស្ស៊ីនៅតែបន្តវាយប្រហារទ្រង់ទ្រាយធំបន្តបន្ទាប់លើទីក្រុងនានារបស់អ៊ុយក្រែន ទោះបីអ្នកចរចាអ៊ុយក្រែន រុស្ស៊ី និងអាមេរិក កំពុងពិភាក្សាអំពីជម្រើសនានានៅទីក្រុង អាប៊ូ ដាប៊ី ប្រទេសអារ៉ាប់រួម ដើម្បីបញ្ចប់សង្គ្រាមក៏ដោយ ។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ពេញមួយសប្តាហ៍មុន រុស្ស៊ីបានវាយប្រហារដោយយន្តហោះដ្រូនជាង ១.៧០០គ្រឿង គ្រាប់បែកពីលើអាកាសមានប្រព័ន្ធបញ្ជានាំផ្លូវជាង ១.៣៨០គ្រាប់ និងមីស៊ីល ៦៩គ្រាប់ ។

ជាលទ្ធផល ការវាយប្រហារទាំងនោះ បានធ្វើឲ្យអចលនទ្រព្យចំនួន ១,២លានកន្លែងគ្មានអគ្គិសនីប្រើប្រាស់ទូទាំងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលមានសីតុណ្ហភាពក្រោមសូន្យអង្សាសេនារដូវរងា ។

ដោយឡែក អគារលំនៅឋានប្រហែល ១.៧០០ខ្នងក្នុងរដ្ឋធានីកៀវរបស់អ៊ុយក្រែននៅតែគ្មានប្រព័ន្ធកម្ដៅ បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់រុស្ស៊ី កាលពីដើមសប្តាហ៍មុន នេះបើតាមការអះអាងរបស់អភិបាលក្រុង លោក Vitalii Klitschko កាលពីថ្ងៃអាទិត្យ ។

រុស្ស៊ីបានបង្កើនការទម្លាក់គ្រាប់យ៉ាងខ្លាំងក្លាទៅលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងមក ៕

ប្រភព ៖ The Straits Times