ហាណូយ ៖ ផលិតផលកាហ្វេក្លែងក្លាយដែលធ្វើពីសណ្ដែកសៀងដល់ទៅ ៤,១តោន និងវត្ថុធាតុដើមចំនួន ៣តោន ត្រូវបានប៉ូលិសវៀតណាមលួចឆ្មក់រឹបអូសនៅឃ្លាំងមួយកន្លែង ក្នុងខេត្ត Lam Dong កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីបើកការស៊ើបអង្កេតព្រហ្មទណ្ឌ ។
វៀតណាម គឺជាប្រទេសផលិតកាហ្វេប្រភេទ Robusta ធំជាងគេបំផុតរបស់ពិភពលោក ដែលមានរសជាតិល្វីង និងត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងកាហ្វេឆុង ។ តំបន់ខ្ពង់រាបកណ្តាល គឺជាតំបន់ដាំដុះកាហ្វេសំខាន់របស់វៀតណាម ។
កសិករវៀតណាមនៅតំបន់ខ្ពង់រាបកណ្តាល បច្ចុប្បន្នលក់គ្រាប់កាហ្វេក្នុងតម្លៃប្រហែល ៣,៨៦ដុល្លារក្នុងមួយគីឡូក្រាម ខ្ពស់ជាងតម្លៃសណ្តែកសៀងប្រហែល ៣ ដង ។
បើតាមសារព័ត៌មាន The Straits Times ចេញផ្សាយថ្ងៃទី៣០ ខែមករា, ការលួចឆ្មក់ចូលឃ្លាំងនេះ ធ្វើឡើងក្រោយប៉ូលិសវៀតណាមបានឆែកឆេរឡានដឹកទំនិញមួយគ្រឿង ដែលដឹកកាហ្វេកិនចំនួន ១,០៥៦បាវ ក្នុងទម្ងន់ ៥២៨គីឡូក្រាម ដោយគ្មានឯកសារភ្ជាប់មកជាមួយ ។ ឥឡូវនេះ ការស៊ើបអង្កេតបន្ថែមទៀតកំពុងដំណើរការ ។
យោងតាមក្រសួងសន្តិសុខសាធារណៈវៀតណាម, ម្ចាស់ឃ្លាំងនេះ ឈ្មោះ Luong Viet Kiem បានសារភាពថា ឃ្លាំងរបស់គាត់ពិតជាបានលាយសណ្តែកសៀង និងសារធាតុបន្ថែមរសជាតិជាមួយគ្រាប់កាហ្វេ ដើម្បីផលិតកាហ្វេកិនសម្រាប់ចែកចាយលក់លើទីផ្សារក្នុងស្រុក ។
នៅឆ្នាំ ២០១៨ ប៉ូលិសវៀតណាមនៅតំបន់ខ្ពង់រាបកណ្តាល បានចាប់ខ្លួនមនុស្ស ៥នាក់ ដែលសង្ស័យថា បានប្រើប្រាស់សារធាតុគីមីពីថ្មពិល ដើម្បីជ្រលក់កាកសំណល់កាហ្វេ ហើយលក់ល្បាយនេះជាម្រេចខ្មៅ ។
បើតាមទិន្នន័យគយរបស់រដ្ឋាភិបាល, វៀតណាមបាននាំចេញកាហ្វេចំនួន ១,៦ លានតោន ក្នុងតម្លៃ ៨,៩ប៊ីលានដុល្លារ កាលពីឆ្នាំ២០២៥ កើនឡើង ១៨,៣% គិតជាបរិមាណ និង ៥៨,៨% គិតជាតម្លៃ ៕
រភព ៖ The Straits Times

Leave a Reply