ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ។
បើតាមសារព័ត៌មាន Euronews ចេញផ្សាយថ្ងៃទី៨ ខែកុម្ភៈ, ជំនួបរវាងមេដឹកនាំទាំងពីរ ត្រូវបានរំពឹងថា នឹងផ្តោតសំខាន់លើកិច្ចចរចារវាងអាមេរិកជាមួយអ៊ីរ៉ង់នាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ។
យោងតាមការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល, លោក Netanyahu ជឿជាក់ថា កិច្ចចរចាណាមួយ ត្រូវតែរួមបញ្ចូលការដាក់កំហិតលើមីស៊ីលផ្លោងបាលីស្ទិគ និងបញ្ឈប់អ៊ីរ៉ង់មិនឱ្យបន្តការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ ។
កិច្ចប្រជុំសប្ដាហ៍នេះ នឹងក្លាយជាជំនួបលើកទី៧ហើយ រវាងលោកប្រធានាធិបតី Trump និងលោកនាយករដ្ឋមន្រ្តី Netanyahu ចាប់តាំងពីមហាសេដ្ឋីអចលនទ្រព្យអាមេរិករូបនេះ បានវិលត្រឡប់មកកាន់តំណែងវិញនៅក្នុងខែមករាឆ្នាំមុន ។
ជំនួបលើកទី៧នេះដែរ កើតឡើងស្របពេលដែលក្រុមមន្ត្រីអ៊ីរ៉ង់ និងអាមេរិក បានធ្វើកិច្ចចរចានុយក្លេអ៊ែរដោយប្រយោល នៅរដ្ឋធានីម៉ាស្កាត ប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន ។
ទោះជាមិនទាន់មានកិច្ចព្រមព្រៀងធំដុំក៏ដោយ ប៉ុន្តែភាគីទាំងពីរនិយាយថា កិច្ចចរចាជាច្រើនទៀត ត្រូវបានរំពឹងថា នឹងធ្វើឡើងម្តងទៀតក្នុងពេលឆាប់ៗ ៕
ប្រភព ៖ Euronews

Leave a Reply